ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្លិបយោធភូមិភាគពិសេសឈ្នះមេដាយមាស២វិញ្ញាសាក្នុងចំណោម៣វិញ្ញាសា ជើងឯកថ្នាក់ជាតិកីឡាប៉េតង់ ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — ក្លិបកីឡាយោធភូមិភាគពិសេសបុរស-នារីបានយកឈ្នះមេដាយ មាសចំនួន២វិញ្ញាសា ក្នុងចំណោម៣វិញ្ញាសានៃព្រឹត្តិការណ៍កីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៨ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីលាន​សហព័ន្ធកីឡាប៊ូល​ និងប៉េតង់ កម្ពុជានៃពហុកីឡដ្ឋានជាតិ។

 លោក ឯម ហៀង អគ្គលេខាធិការរង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឱ្យដឹងថា ក្លិបយោធភូមិ ភាគពិសេស ដែលឈ្នះមេដាយមាសទាំងពីរវិញ្ញាសានោះ រួមមានវិញ្ញាសា ៣នាក់ទល់៣នាក់នារី និងវិញ្ញាសា ៣នាក់ទល់៣នាក់ផ្នែកបុរស ក្របខ័ណ្ឌក១ ខណៈ ១វិញ្ញាសាផ្សេងទៀត ៣នាក់ទល់៣នាក់ បុរសក្របខ័ណ្ឌក២ ដណ្តើមបានចំណាត់ថ្នាក់លេខ១ មេដាយមាស ដោយក្លិបក្រសួងមហាផ្ទៃ ហើយក៏មានចំណាត់ថ្នាក់លេខ២ ដល់លេខ៤ លើវិញ្ញសាទាំងបីនេះដូចគ្នាផងដែរ។ លោកបញ្ជាក់ថា ជើងឯកថ្នាក់ជាតិកីឡាប៉េតង់ឆ្នំា​២០១៨ នេះ មានប្រតិភូកីឡាករ កីឡាការិនីចូលរួមសរុបចំនួន១៩៥នាក់ ដែលមាន៤៤ក្រុម ហើយឆ្លង កាត់ការប្រកួតយ៉ាង ស្វិតស្វាញអស់រយៈពេល៣ថ្ងៃលោកបានអះអាងថា គ្រប់សមាសភាព ចូលរួមសុទ្ធតែឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ខិតខំអស់ពីសមត្ថភាព បច្ចេកទេស សាមគ្គី ភាព ព្រមទាំងអនុវត្តន៍តាមគោលការណ៍លេងដោយយុត្តិធម៌ជាមួយនឹងលទ្ធផល បច្ចេកទេស កាន់តែរីកចម្រើនគួរឱ្យកាត់សម្គាល់។ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ក្លិប កីឡាករ កីឡាការិនីទាំងអស់ ដែលខិត ខំអស់ពីសមត្ថភាព តាំងពីវគ្គជម្រុះរហូតដល់ដណ្តើមបានជ័យលាភី។ ជាមួយនឹងការខិតខំរួម គ្នានេះ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា វិស័យកីឡាប៉េតង់ កម្ពុជានៅតែរក្សាភាពខ្លាំងរបស់ ខ្លួន និងជាប្រភេទកីឡាដ៏មានសក្តានុពលខ្ពស់នៅក្នុងកម្រិតពិភពលោកដដែល។ ជាមួយគ្នា នោះ ឯកឧត្តមបានលើកទឹកចិត្តឱ្យគ្រប់ក្លិប កីឡាករ កីឡាការិនី ក៏ដូចជាសហព័ន្ធកីឡាជាតិ មួយនេះ គប្បីត្រូវបន្តនូវការប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត សម្រាប់គោលដៅរយៈពេលខ្លី និង​ពេលវែង ដើម្បីត្រៀមខ្លួនឱ្យបានកាន់តែល្អប្រសើរ សម្រាប់ស៊ីហ្គេមជាបន្តបន្ទាប់ និងស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅ ព្រះរាជាណាចក្រកម្ពុជា៕

ដោយ ហេង ណាលីន