ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាល ជំរុញឲ្យគ្រប់សាសនានៅកម្ពុជាជួយបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងគ្រឿងញៀន

វិទ្យុជាតិកម្ពុជា​៖​ ជួន បូណា៖

រាជរដ្ឋាភិបាល បានជំរុញឲ្យគ្រប់សាសនានៅកម្ពុជាជួយបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃការប្រើបាស់គ្រឿងញៀនឲ្យកាន់តែទូលំទូលាយទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។


ថ្លែងក្នុងសិក្ខាសាលា ស្ដីពីកិច្ចសន្ទនាអន្ដរជំនឿសាសនា ដើម្បីសុខដុមនីកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជាលើក៧ ក្រោមប្រធានបទ សាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី ០៦ខែធ្នូ នៅសាលចតុមុខ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា វិស័យសាសនានីមួយៗបានដើរតួនាទីយ៉ាងសំខាន់ក្នុងផ្ដល់ឱវាទបញ្ជ្រៀប និងផ្សព្វផ្សាយ និងការប្រៀនប្រដៅប្រជាពលរដ្ឋ អំពីការគោរពច្បាប់ចរាចរណ៍ និងផលប៉ះពាល់នៃការប្រើបាស់គ្រឿងញៀនទៅដល់ប្រជាពលរដ្ឋ និងសង្គមទាំងមូល ដើម្បីឲ្យប្រជាពលរដ្ឋទូទៅបានយល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈមទាំងនេះ ។


សម្ដេចបន្តថា សាសនាបានប្រៀនប្រដៅមនុស្សឲ្យស្គាល់អំពីបុណ្យបាបគុណទោសសច្ចភាព សុចរិតភាព និងបង្ហាញមាគ៌ា ដើម្បីរំដោះខ្លួនរួចពីសេចក្ដីទុក្ខ ព្រមទាំងវៀរចាកអំពើទុច្ចរិត និងអកុសលវៀរចាកអំពីទោសៈ មោហៈ និងលោភៈឆ្ពោះទៅរកត្រើយនៃសេចក្ដីសុខ។សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែជំរុញឲ្យគ្រប់សាសនាទាំងអស់មានសុខដុមនីយកម្មសាសនា ដែលជាស្មារតីនៃវប្បធម៌សន្ដិភាពសំដៅរក្សានូវសុខសន្ដិភាព សណ្ដាប់ធ្នាប់សង្គម និងស្ដារការអភិវឌ្ឍកម្ពុជាអោយមានការីកចំរើនដូចបណ្ដាប្រទេសអភិវឌ្ឍនានានៅក្នុងពិភពលោក។

ព្រះតេជគុណ ហេង សុគុណ គង់នៅវត្ដព្រះឧណាឡោម បានមានសង្ឃដីការថា នឹងធ្វើការផ្ដល់ឱវាទបញ្ជ្រៀប និងផ្សព្វផ្សាយ និងការប្រៀនប្រដៅប្រជាពលរដ្ឋទូទៅអំពីការគោរពច្បាប់ចរាចរណ៍ និងប៉ះពាល់នៃការប្រើបាស់គ្រឿងញៀនេះឲ្យកាន់តែទូលំទូលាយ ៕