ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានរដ្ឋ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទទួលជួប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន

AKP ឡាវ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Bounnhang Vorachith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។


ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបនោះថា ឯកឧត្ដមប្រធានរដ្ឋឡាវបានស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុត ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវនាពេលនេះ។ ឯកឧត្ដម ក៏បានអបអរសាទរផងដែរ ចំពោះលទ្ធផលជោគជ័យនៃការបោះឆ្នោត នៅឆ្នាំ២០១៨ នៅក្នុងអាណតិ្តទី៦កន្លងមកនេះ ដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីសាជាថ្មីម្តងទៀត។

ទន្ទឹមនឹងនេះ ឯកឧត្ដមប្រធានរដ្ឋឡាវ បានបញ្ជាក់ប្រាប់សម្តេចតេជោថា លទ្ធផលនៃ ការបោះឆ្នោតកន្លងមកនេះ គឺបានឆ្លុះបញ្ចាំងពីភាពឈ្លាសវៃក្នុងការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនផងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន។ ឯកឧត្ដមក៏បាន ស្នើឱ្យនាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ បន្តព្យាយាមឱ្យអស់ ពីលទ្ធភាព ក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់ដែលមានរវាងប្រទេសទាំងពីរដើម្បីសមភាព និងភាពសុខដុមនៃប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់សម្ដេចមកកាន់ប្រទេសឡាវពេលនេះគឺ ជាការឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាបានផ្ដល់អាទិភាពទៅលើប្រទេសឡាវដែលជាប្រទេសភូមិផងរបងជាមួយ មុនប្រទេសណាណាទាំងអស់។ សម្តេចក៏បានជម្រាបជូនឯកឧត្ដមប្រធានរដ្ឋឡាវអំពីលទ្ធផលនៃជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីឡាវនៅព្រឹកថ្ងៃទី០៥ ខែធ្នូនេះ។

សម្តេចបានបញ្ជាក់ថា ជំនួបនេះគឺជាកិច្ចប្រជុំដែលមានលក្ខណៈស៊ីជម្រៅ និងពេញលេញ ហើយភាគីទាំងពីរបានឯកភាពគ្នាលើការតភ្ជាប់រវាងប្រទេសទាំងពីរដែលក្នុងនោះមានការតភ្ជាប់បណ្ដាញអគ្គិសនីដោយការទិញអគ្គិសនីពីឡាវទៅផ្គត់ផ្គង់នៅកម្ពុជា និងការតភ្ជាប់ស្ពាននៅត្រង់ចំណុចទន្លេរពៅដែលភ្ជាប់ប្រទេសទាំងពីររវាងខេត្តព្រះវិហារនិងខេត្តចំប៉ាសាក់របស់ឡាវ។ ជាមួយនេះនៅមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។ ប្រទេសទាំងពីរក៏បានឯកភាពរួមគ្នាធ្វើការដោះស្រាយនៅតំបន់ព្រំដែ នដែលនៅសេសសល់ផងដែរ ដើម្បីបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់។
លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនឯកឧត្តម ប្រធានរដ្ឋឡាវថា យុទ្ធសាស្ត្ររបស់សម្ដេចគឺប្រែក្លាយតំបន់ព្រំដែននៃប្រទេសជិតខាងឱ្យក្លាយទៅជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ដោយ ជឹម ណារី