ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាម និង អ៊ីតាលី ស្វែងរកប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — កាលពីថ្ងៃទី០៤ ខែធ្នូ កិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (MoIT) និងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អ៊ីតាលី បានប្រព្រឹត្តទៅនៅទីក្រុងរ៉ូម។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានដឹកនាំរួមគ្នាដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម វៀតណាម លោក Hoang Quoc Vuong និងអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អ៊ីតាលី លោក Michele Geraci ។
ភាគីទាំងពីរបានឯកភាពគ្នាថា ខណៈដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងអ៊ីតាលីមានការរីកចម្រើនយ៉ាងល្អក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ភាគីទាំងពីរនៅតែមានកង្វះខាតសក្តានុពលមួយចំនួន ។

ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ ២០១៨ ប្រទេសអ៊ីតាលីដោយមានគម្រោងវិនិយោគដែលមាន សុពលភាពចំនួន ៩០គម្រោង ដែលមានតម្លៃជាង ៣៨៨លានដុល្លារអាម៉េរិក ត្រូវបានជាប់ចំណាត់ថ្នាក់ទី ៣១ ក្នុងចំណោមបណ្តាប្រទេសចំនួន ១២៩ ដែលកំពុងវិនិយោគនៅក្នុងប្រទេសវៀតណាម។ វិនិយោគិន អ៊ីតាលីបានបណ្តាក់ទុនរបស់ខ្លួននៅក្នុងវិស័យចំនួន ១២ ក្នុងចំណោមវិស័យទាំង ២១ ដែលវិនិយោគដោយបរទេសនៅក្នុងប្រទេសវៀតណាម។

ភាគីទាំងពីរបានលើកកម្ពស់វិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ដូចជាស្បែកជើង វាយនភ័ណ្ឌ ថាមពលកកើតឡើងវិញ កសិកម្ម ផលិតកម្មចំណីអាហារ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងទេសចរណ៍។ កិច្ចប្រជុំនេះត្រូវបានឯកភាពគ្នាដោយភាគីទាំងពីរក្នុងការរៀបចំកិច្ចប្រជុំលើកទី ៦ នៅក្នុងប្រទេស វៀតណាមនៅក្នុងឆ្នាំក្រោយ៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)