ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

យោធាហ្វីលីពីនបានធ្វើឱ្យពួកភេរវជនជាង១.៧០០នាក់ នៅហ្វីលីពីនខាងត្បូងលែងមានប្រសិទ្ធភាព

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — កងកម្លាំងប្រដាប់អាវុធហ្វីលីពីន ( AFP ) បាននិយាយពីថ្ងៃពុធថា ខ្លួនបានសម្លាប់,ចាប់ខ្លួន ឬចុះចូលពួកភេរវជនសរុបទាំងអស់ ១.៧០០នាក់ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីនភាគខាងត្បូងចាប់តាំងពីខែមករា ឆ្នាំនេះមក ។

លើសពីនេះទៀត AFP បាននិយាយថា ខ្លួនរឹបអូសយកបានអាវុធសរុបទាំងអស់ ៥.១៧២ ដើម ពីពួកភេរវជនដែលរួមមានអាវុធមានកម្លាំងខ្លាំង២.៩៥២ដើម និងគ្រាប់បែកកែច្នៃ(IEDS)១៤៥គ្រាប់។ នៅក្នុងសេចក្តីរាយការណ៍មួយ AFP បាននិយាយថា ពួកភេរវជនសរុបទាំងអស់ ២៨៤ នាក់ ដែល ជារបស់ក្រុមអាប៊ូសាយ៉ាហ្វ ( ASG ) ត្រូវបានគេធ្វើឱ្យលែងមានប្រសិទ្ធភាពក្នុងអំឡុង ១១ ខែ ដំបូងនៃឆ្នាំ ២០១៨នេះ ។ សេចក្តីរាយការណ៍នោះបាននិយាយបន្ថែមថា ពួកយុទ្ធជន ASG សរុបទាំងអស់៧២នាក់ ត្រូវបានគេសម្លាប់ ១៨០នាក់ បានចុះចូលនិងចាប់ខ្លួន៣២នាក់ ។

យោធាបាននិយាយថា សមាជិកសរុបទាំងអស់ ១៤១នាក់ នៃពួកយុទ្ធជនសេរីភាពអ៊ីស្លាមបាង សាម៉ូរ៉ូ ( BIFF ) និងពួកភេរវជន១៤៥នាក់ មកពីក្រុម Maute ក៏ត្រូវបានគេធ្វើឱ្យលែងមានប្រសិទ្ធភាពផង ដែរក្នុងអំឡុងពេល ១១ ខែនេះ ។លើសពីនេះទៀត យោធាបាននិយាយថា សមាជិកដទៃទៀត សរុបទាំងអស់ ១.១៧០ នាក់ នៃក្រុមភេរវជនក្នុងស្រុកដែលមានមូលដ្ឋាននៅមីនដាណាវ ក៏ត្រូវបានគេសម្លាប់,ចាប់ខ្លួន ឬ ចុះចូលផងដែរ នៅក្នុងរយៈពេល១១ខែ ដំបូងនៃឆ្នាំនេះ ។

ក្រុម ASG , ក្រុម BIFF និង Maute គឺជាក្រុមភេរវជនក្នុងស្រុកយ៉ាងសំខាន់ចំនួន៣នៅក្នុង ប្រទេសហ្វីលីពីនភាគខាងត្បូង ដែលតែងតែធ្វើការចាប់ពង្រត់,បំផ្ទុះគ្រាប់បែកនិងការកាត់ក្បាល ។ ពួកភេរវជនក្នុងស្រុកដែលជារបស់ក្រុម Maute និងក្រុម ASG បានវាយប្រហារទីក្រុងម៉ារ៉ាវី ក្នុង ប្រទេសហ្វីលីពីនភាគខាងត្បូងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៧ ។
រដ្ឋាភិបាលហ្វីលីពីនបានប្រើពេល៥ខែ ដើម្បីធ្វើការត្រួតត្រាទីក្រុងនេះឡើងវិញ ។ មនុស្សជាង ១.២០០នាក់ បានស្លាប់ក្នុងការប្រយុទ្ធគ្នា ដើម្បីយកទីក្រុងនេះមកវិញដែលបានធ្លាក់ចូលទៅក្នុងភាព ហិនហោចនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )