ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីរ៉ង់ថា កិច្ចប្រជុំ OPEC នាពេលខាងមុខនឹង ពិភាក្សាគ្នា ពីការផ្គត់ផ្គង់ប្រេងលើសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់បាននិយាយពីថ្ងៃពុធថា កិច្ចប្រជុំនាពេលខាងមុខរបស់​អង្គការបណ្តាប្រទេសនាំប្រេងចេញ ( OPEC ) នឹងធ្វើការពិភាក្សាគ្នាពីការផ្គត់ផ្គង់ ប្រេងឆៅលើសធ្វើឡើងដោយប្រទេសអារ៉ាប៊ីសា អូឌីត ។

លោក Bijan Namdar Zanganeh ត្រូវបានបណ្តាញព័ត៌មាន Petro Energy អ៊ីរ៉ង់ដកស្រង់សំដី ដែលនិយាយថា បញ្ហានៃការផ្គត់ផ្គង់លើសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺស្ថិតនៅក្នុងចំណោមប្រធានបទនានា ដែលនឹងត្រូវគេធ្វើការពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ OPEC នាពេលខាងមុខ ។

លោក Zanganeh បាននិយាយបន្ថែមថា រដ្ឋសមាជិក OPEC គួរតែធ្វើការស៊ើបអង្កេតនៅក្នុងហេតុផល ដែលនៅពីក្រោយការដកខ្លួនរបស់ប្រទេសកាតា ចេញពីក្រុមហ៊ុនអន្តរជាតិផ្តាច់មុខ ( កាតែល ) នេះ នៅពេលដែលពួកអ្នកផលិតប្រេងខ្លះ បានបង្កើតឱ្យមានបញ្ហានានា សម្រាប់ប្រទេសកាតានោះ ។

រដ្ឋមន្ត្រីអ៊ីរ៉ង់នេះក៏បានប្រានចោលផងដែរនូវលទ្ធភាពនៃការពិភាក្សាគ្នាពីកូតា នៃទិន្នផលប្រេងរបស់ ប្រទេសអ៊ីរ៉ង់ ក្នុងកិច្ចប្រជុំ OPEC នាពេលខាងមុខ ។

លោកបានកត់សម្គាល់ថា ដរាបណាអ៊ីរ៉ង់កំពុងប្រឈមមុខ នឹងទណ្ឌកម្ម ( អាមេរិក ) ( លើការលក់ប្រេង ) នោះ ការពិភាក្សាគ្នាស្តីពីកូតា នៃទិន្នផលប្រេងរបស់ប្រទេអ៊ីរ៉ង់ មិនជាបញ្ហាទេ ។

លោក Hossein Kazempour Ardebili អភិបាល OPEC របស់អ៊ីរ៉ង់បាន​និយាយនៅមុននេះថា ការសម្រេចចិត្តរបស់ប្រទេសកាតា ដើម្បីចាកចេញពី OPEC នឹងបង្ហាញឱ្យឃើញនូវការខកចិត្តរបស់ប្រទេស ផលិតប្រេងឆៅដ៏តូចជាមួយ នឹងតួនាទីដែលលុបលើរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងក្លឹបប្រេងនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )