ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋអាជ្ញាតួកគីចេញដីកាចាប់ខ្លួនជនអារ៉ាប៊ីសាអូឌីត ២នាក់ ក្នុងរឿងសម្លាប់លោក Khashoggi

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — កាសែតក្នុងស្រុកមួយរាយការណ៍ថា ប្រធានរដ្ឋអាជ្ញាទីក្រុងអ៊ីស្តង់ប៊ូល កាលពីថ្ងៃពុធនេះ បានចេញដីកាចាប់ខ្លួនពលរដ្ឋអារ៉ាប៊ីសាអូឌីត ២នាក់ ចំពោះការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ទិនានុប្បវត្តិ Hurriyet បានបង្ហាញអត្តសញ្ញាណជនសង្ស័យថា ជាអតីតអនុប្រធានចារកម្មអារ៉ាប៊ីសាអូឌីត ឧត្តមសេនិយ Ahmed Asiri និង លោក Saud al-Qahtani អតីតជំនួយការម្នាក់របស់រាជទាយាទ អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman Al Saud ។

ទិនានុប្បវត្តិបាននិយាយពីថ្ងៃពុធថា ប្រធានរដ្ឋអាជ្ញានេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា មានការមន្ទិលសង្ស័យដ៏ខ្លាំងមួយដែលថា លោក Asiri និង លោក al-Qahtani បានស្ថិតនៅក្នុងចំណោមពួកអ្នករៀបផែនការសម្លាប់លោក Khashoggi ។

តាមរដ្ឋអាជ្ញាទីក្រុងអ៊ីស្តង់ប៊ូលឱ្យដឹងថា លោក Khashoggi ត្រូវបានគេច្របាច់កឱ្យស្លាប់បន្ទាប់ពីលោកដើរចូលទៅក្នុងស្ថាន កុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងក្រុងអ៊ីស្តង់ប៊ូលកាលពីថ្ងៃទី២ ខែតុលា ហើយ សាកសពរបស់លោកបន្ទាប់មក ត្រូវបានគេកាត់ជាផ្នែកហើយបំផ្លាញចោល ។

រដ្ឋអាជ្ញាសាធារណអារ៉ាប៊ីសាអូឌីត បានទាមទារឱ្យដាក់ទោសប្រហារជីវិតលើជនសង្ស័យ៥ នាក់ដែលមានជាប់ទាក់ទងនៅក្នុងការសម្លាប់លោក Khashoggi នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )