ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ណាតូសង្កត់ធ្ងន់លើការគាំទ្រដល់ប្រទេសលីប៊ី

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ — អគ្គលេខាធិការណាតូលោក Jens Stoltenberg កាលពីថ្ងៃអង្គារនេះ បានបញ្ជក់អះអាងពីការគាំទ្រខាងនយោបាយ , យោធា និងសន្តិសុខរបស់ណាតូដល់ប្រទេសលីប៊ី ។

លោក Stoltenberg បានធ្វើការកត់សម្គាល់របស់លោក ក្នុងអំឡុងកិច្ចប្រជុំមួយជាមួយនាយករដ្ឋមន្ត្រីដែល អ.ស.ប គាំទ្ររបស់ប្រទេសលីប៊ីលោក Fayez Serraj នៅឯទីបញ្ជាការណាតូក្នុងទីក្រុងប្រ៊ុចសែល ដែលនៅទីនោះ មន្ត្រីទាំងពីរបានធ្វើការពិភាក្សាគ្នាពីការអភិវឌ្ឍខាងនយោបាយ និងសន្តិសុខក្នុងប្រទេសលីប៊ី ។

តាមសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយការិយាល័យព័ត៌មានរបស់នាយករដ្ឋមន្ត្រីឱ្យដឹងថា លោក Stoltenberg បាននិយាយថា ណាតូនឹងគាំទ្រកិច្ចប្រឹងប្រែងដែលបានធ្វើឡើងដោយបេសកជន អ.ស.ប នៅប្រទេសលីប៊ី លោក Ghassan Salame ដើម្បីធ្វើឱ្យសម្រេចបាននូវដំណោះស្រាយមួយ ចំពោះវិបត្តិលីប៊ី ។

សេចក្តីថ្លែងការណ៍បាននិយាយថា លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ លើសារសំខាន់នៃការ សម្របសម្រួលនិងកិច្ចសហប្រតិបត្តិការសន្តិសុខ និងយោធា រវាងប្រទេសលីប៊ី និងណាតូ ដែលទាក់ទងដល់សន្តិសុខ​ព្រំដែន នឹងការប្រយុទ្ធប្រឆាំងនឹង​អំពើភេរវកម្ម ។

ភ្នាក់ងារសន្តិសុខលីប៊ី បានធ្វើការតស៊ូ ដើម្បីបណ្តុះបណ្តាល និងបំពាក់គ្រឿងបរិក្ខា ដល់បុគ្គលិករបស់ខ្លួននៅពេលមានចលាចលជាច្រើនឆ្នាំនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )