ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី ០៦ដល់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៨ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានអោយដឹងថាការអញ្ជើញទៅបំពេញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម របស់សម្ដេចតេជោហ៊ុន សែននាពេលខាងមុខនេះគឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ចាជីវៈ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឯកឧត្តម ប៉ានសួរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ង្វៀន ហ៊្វូ ជុង ប្រធានរដ្ឋវៀតណាម និងលោកជំទាវ ង្វៀន ធី គឹម ងិន ប្រធានរដ្ឋសភាវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីនិងពិសាអាហារកាងារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក ដើម្បី ពង្រឹងនូវចំណងទាក់ទងជាមិត្តភាពរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលឲមានការយកចិត្តទុកដាក់និងព្រួយបារម្ភរួម ដើម្បី ផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជាតិទាំងពីរ ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ បុព្វបុរសនិងយុទ្ធជនពលីនិងនៅវិមានតម្កល់សពលោកហូជីមិញ។
ក្រៅពីនេះសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់រវាងកម្ពុជា វៀតណាមនោងទទួលជំនួបសម្ដែងការគួរសមរបស់សមាគមមិត្តភាពកម្ពុជា វៀតណាម៕