ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះមហាក្សត្រ យាងជាព្រះរាជា​ធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីបិទពិធីអបអរសាទរខួប២៥ឆ្នាំ អាយស៊ីស៊ីអង្គរ នៅខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត និងលោក អ៊ូ កាណែល៖

  ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ​២០១៨​​នេះ បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទ​ជាផ្លូវ​ការ នៃពិធីអបអរសាទរខួប​២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរ ជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា​អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅខេត្តសៀមរាប។


ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតគ​ណៈកម្មាធិ​ការអន្តរ​ជាតិ​សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ត្រូវបានរៀបចំពិធីបើកដំណើរ​ការជា​ផ្លូវ​ការ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេច​អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការរៀបចំពិធីអបអរសាទរខួប២៥ឆ្នាំនៃការ បង្កើត ICC-Angkorនេះ ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ដើម្បីអប​អរសាទរ​ភាព​​​​ជោគជ័យ ដែលកើតចេញមកពីយន្តការ អាយ ស៊ី ស៊ី អង្គរ ដែល​បច្ចុប្បន្ន​ក្លាយជាគំរូនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍សម្រាប់​បណ្តាប្រ​ទេស​នានាលើសាកលលោក។

ជាមួយនេះ ដើម្បីបង្ហាញមោទ​នភាព​ជាតិរបស់ព្រះរាជា​ណាចក្រ​កម្ពុ​ជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរ​លង់​មក​ហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ ហើយក៏​ដើម្បី​សម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វ​បុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុង​ការកសាង ថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ។

ទន្ទឹមនេះ ការប្រារព្វខួប២៥ឆ្នាំនៃការបង្កើតអាយស៊ីស៊ីអង្គរនេះ គឺ​ដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូល​រួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀម​ទម្លាប់​ប្រពៃណីផូរផង់របស់កម្ពុជា និងដើម្បីបង្ហាញសមិទ្ធ​ផលរបស់​រាជ​រដ្ឋា​​​ភិបាលកម្ពុជា ក្នុងវិស័យបេតិកភណ្ឌ ក្រោមការដឹកនាំ​របស់​សម្តេច​​​អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជា​ណា​ចក្រកម្ពុជា។ហើយក៏ដើម្បីផ្សព្វ ផ្សាយពីសក្តានុពលវប្បធម៌ និងទេស​ចរណ៍ទៅកាន់ឆាកអន្តរជាតិ។


សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់​ថា ICC-Angkor ត្រូវបានបង្កើតឡើងនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ​១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រា​សាទ​ជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់​បញ្ចូល​ជាសម្បត្តិបេតិ កភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ច​ប្រ​ជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ICC-Angkor មានបារាំង និងជប៉ុន ជាសហ ប្រធាន, លេខាធិការដ្ឋាន​វិទ្យាសាស្រ្តអចិន្ត្រៃយ៍ទទួលបន្ទុកដោយការិយាល័យតំណាងអង្គការយូណេស្កូប្រចាំព្រះរាជាណាចក្រកម្ពុជា និង អាជ្ញា ធរជាតិអប្សរា តំ​ណាងរាជរដ្ឋាភិបាលកម្ពុជា។សមាជិក ICC-Angkor មានចំនួន៣៧​ប្រទេស មកពី ៥ទ្វីប និងមានអង្គការអន្តរជាតិចំនួន ១៣ ទៀត។ ចំនួនអ្នកជំនាញបច្ចេកទេស ចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor ក៏បាន​កើនឡើងជាលំ ដាប់ផងដែរ ពីចំនួន ៥០នាក់ មកក្នុងចន្លោះ ៣៥០​នាក់ នាពេលបច្ចុប្បន្ននេះ។ICC-Angkor មានតួនាទី និងភារកិច្ច​សំ​ខាន់​ក្នុងការស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព​នៅ​តំបន់រមណីយដ្ឋានសៀមរាបអង្គរ៕