ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបសំដែងការគួរសម ប្រធានាធិបតីឡាវ ពិធីដាក់កម្រងផ្កា និងជួបសំដែងការគួរសម ប្រធានសភាឡាវ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖


នៅរសៀលថ្ងៃទី ៥ខែធ្នូនេះ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចូលជួប​សំ​ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ប៊ុនញុំាង វរ៉ា​ជិត ប្រធានាធិបតីនៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជា​មានិត​ឡាវ ។ នៅក្នុងជំនួបនោះ ឯកឧត្តម ប៊ុនញុំាង វរ៉ាជិត បានអបអរ​សាទរចំ​ពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជោគជ័យ​ក្នុង​ការ​បោះ ឆ្នោត ហើយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា។ ឯកឧត្តមក៏បានកោតសរសើរចំពោះគណបក្សប្រជា​ជន​​​​កម្ពុជា ដែល​បាន​ទទួលជោគជ័យ ក្នុងការបោះឆ្នោតរដ្ឋសភានី​តិ​កាល​ទី៦។ ឯកឧត្តមបានសម្ដែងភាពរីករាយ នូវ លទ្ធផលជំនួបរ​វាង​នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានពង្រឹងនូវកិច្ច​សហប្រតិ​បត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។ តាម​រយះជំនួបគ្នានោះដែរ ឯកឧត្តមក៏​បានផ្ដាំផ្ញើសួរសុខទុក្ខ ថ្វាយព្រះ​មហា​​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។


ជាការ​ឆ្លើយ​តបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានពាំនាំនូវ​ព្រះរាជ​សារ​​​​​​​ផ្ដាំផ្ញើសួរសុខទុក្ខរបស់ព្រះមហាក្សត្រកម្ពុជា ជូនចំពោះ​ឯកឧត្តម​ប្រធានាធិបតីឡាវ។ សម្ដេចតេជោក៏បាន​អរគុណ​ចំពោះប្រធានា​ធិប​តី​​​ឡាវ ដែលបានផ្ញើសារអបអរ សាទរចំពោះជោគជ័យ នៃការបោះ​ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចក៏បានអបអរ សាទរ​ចំពោះខួបអនុស្សាវរីយ៍បុណ្យជាតិឡាវថ្ងៃ2ធ្នូ របស់ប្រជាជនឡាវ។ សម្ដេចបានគូសបញ្ជាក់អំពីដំណើរទស្សនកិច្ច របស់​សម្ដេចមកកាន់​ប្រទេសឡាវលើកនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាបាន​ផ្ដល់​អាទិភាព​ទៅ​លើប្រទេសឡាវដែលមានភូមិផងរបងជាមួយ មុនប្រទេសណាណាទាំងអស់។ សម្តេចក៏បាន​ជម្រាបជូន​ឯកឧត្តម​ប្រធានាធិបតីរដ្ឋឡាវ អំពីលទ្ធផលនៃជំនួបជាមួយ​នឹងនាយក​រដ្ឋមន្ត្រី​ឡាវ នៅ​ព្រឹកថ្ងៃទី5ធ្នូនេះថា ជាកិច្ចប្រជុំដែលមានលក្ខណៈស៊ីជម្រៅ និងពេញលេញហើយភាគីទាំង​ពីរ បានឯកភាពគ្នាលើការ​តភ្ជាប់​រវាង​ប្រទេសទាំងពីរដែលក្នុងនោះមានការតភ្ជាប់បណ្ដាញអគ្គិសនី ដោយ​​​​ការទិញអគ្គិសនីពីឡាវទៅផ្គត់ផ្គង់នៅកម្ពុជា និងការតភ្ជាប់​ស្ពាននៅ​ត្រង់​ចំណុចទន្លេរពៅ ដែលភ្ជាប់ប្រទេសទាំងពីរ រវាងខេត្តព្រះវិហារ​និង​ខេត្តចំប៉ាសាក់របស់ឡាវ ។ សម្តេចតេជោក៏បាន​ជម្រាបជូន​ឯក​ឧត្តម​​ប្រធានាធិបតី អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែល​បានផ្ដោតទៅលើវិស័យជាច្រើនដូចជា អប់រំ វប្បធម៌ ទេស​ចរ​ណ៍ និងវិស័យជាច្រើនទៀត។ ពាក់ព័ន្ធនឹង​បញ្ហា​ព្រំដែន សម្ដេចតេ​ជោនាយករដ្ឋមន្ត្រីបានជម្រាបជូន ឯកឧត្តមប្រធានាធិបតីឡាវថា យើង​នឹងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងឡាយណា ដែល​នៅ​​សេសសល់ រួមទាំងការ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើឃាតកម្មឆ្លងដែន ដែលមានការជួញដូរមនុស្សនិងគ្រឿងញៀនផងដែរ។ ប្រទេសទាំងពីរ ក៏បានឯកភាពរួមគ្នាធ្វើការ​ដោះស្រាយនៅតំបន់​ព្រំ​ដែន ដែលនៅសេសសល់​ដែលមាននៅតំបន់អូរតាង៉ាវនឹងអូអាឡៃ ដើម្បីបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរឲ្យបាន​ឆាប់។ ប្រទេស​ទាំងពីរបានឯកភាពគ្នានឹងស្នើសុំទៅប្រទេសបារាំងអោយជួយបោះពុម្ពផែនទី muel​ler 10000 មកជាផែនទី 1/5000 ដើម្បីងាយស្រួល​ដោះ​ស្រាយបញ្ហា។ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបថា យើងបាន​ប្ដេជ្ញាដោះស្រាយបញ្ចប់បញ្ហាព្រំដែន រវាងប្រទេសទាំងពីរ នៅក្នុងដំ​ណាក់​កាលដែលសម្ដេចធ្វើជានាយករដ្ឋមន្ត្រី និងឯកឧត្តម thongloun ​sisoulithជា​នាយករដ្ឋមន្ត្រីឡាវ ។​លើសពីនេះ ​សម្ដេច​​​​​​តេ​ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាប​ជូន ឯកឧត្តម​ប្រធានា​ធិបតី​​ឡាវថា យុទ្ធសាស្រ្តរបស់សម្ដេចគឺប្រែក្លាយតំបន់ព្រំដែន នៃប្រ​ទេសជិត​ខាង ឱ្យក្លាយទៅជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិ​បត្តិការនិងការអភិវឌ្ឍ។ សម្តេច បាន​បន្តថា ទស្សនកិច្ចរបស់​សម្ដេច​មកកាន់ប្រទេសឡាវនេះ គឺដើម្បីពង្រឹងពង្រីកបន្ថែមទៀត នូវ​កិច្ច​សហ​​ប្រតិបត្តិការរវាងប្រទេសទាំងពីររវាងប្រជាជន និងប្រជាជន រវាង​​​រដ្ឋាភិបាល និងរដ្ឋាភិ​បាល។ ក្នុងនាមព្រះមហាក្សត្រ នៃព្រះរា​ជា​ណាចក្រកម្ពុជា សម្តេចតេជោហ៊ុនសែន បានគោរព​អញ្ជើញ​ឯកឧត្តម​ប្រធានាធិបតីឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេល​វេលា​ដ៏​សម​ស្របខាងមុខ។


បន្ទាប់មកសម្តេចតេ​ជោនា​យករដ្ឋមន្រ្តី និងគណះប្រតិភូ​ជាន់​ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដាក់កម្រងផ្កានៅស្តូប​អនុស្សា​វរីយ៍ ​វិរ:យុវជនពលីឡាវ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេស ឡាវ។ ជាមួយ​និង​អក្សរពណ៌មាស នៃការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំ​ពោះ​​វិវ:យុវ​ជនពលីឡាវ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះ​ប្រតិ​ភូ​បានឈរស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធ ជូនដល់វិវ:យុវ​ជនពលីឡាវ ដែលបានបូជាកម្លាំងស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ពិសេសរំដោះប្រទេសជាតិចេញពីអាណានិគមឈ្លានពាន រហូតទទួលបានជ័យជំនះ​យ៉ាងត្រចះត្រចង់រហូតមកដល់បច្ចុប្បន្ន។


បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចតេជោនាយក​រដ្ឋមន្ត្រី បានអញ្ជើញជួប​សម្ដែងការគួរសម និងពិភាក្សាការងារជា​មួយ លោកជំទាវ ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ។ នៅក្នុង​ជំនួប​នោះ លោកជំទាវបានស្វាគមន៍សម្ដេចតេជោហ៊ុន សែន ដែលបាន​អញ្ជើញមក​ទស្សន​កិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកជំទាវ​សង្ឃឹម​ថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេ ជោ នឹងរួមចំណែកយ៉ាង​សំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរ។ លោកជំទាវក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាន​ជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោត របស់​គណបក្ស​ប្រជាជនកម្ពុជា។

លោកជំទាវបានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្ស​ប្រជាជនកម្ពុជា​នៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា លោក​​ជំទាវពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ​ហ៊ុន​សែន និង​គណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេស​ឲ្យកាន់តែរីក​ចម្រើន និងទទួលបាន​ជោគជ័យបន្ថែមទៀត មិនថាតែប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីក​ចម្រើន​​​របស់តំបន់ទាំងមូលផងដែរ។ លោកជំទាវក៏បានអបអរសា ទរចំពោះលទ្ធផល នៃជំនួបរវាងនាយករដ្ឋមន្រ្តីនៃ​ប្រទេសទាំង​ពីរ​កាលពីព្រឹកមិញនេះ ។
ការឆ្លើយតបសម្តេចតេ​ជោនាយករដ្ឋមន្ត្រី បានអរគុណចំពោះពាក្យ​ពេចន៍ដ៏ល្អ របស់លោក​ជំទាវ​ប្រធានរដ្ឋសភាឡាវ។ សម្ដេច​បាន​ជម្រាប​ជូនលោកជំទាវប្រធានរដ្ឋសភាឡាវថា ការបោះ​ឆ្នោតនៅ​កម្ពុជា​លើកនេះ បានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យសេរី ដែល​មានប្រជាជនប្រមា ណជាង83ភាគរយ បានទៅចូលរួមបោះឆ្នោត ដែលមានភាគរយច្រើនជាងការបោះឆ្នោត ពី​អាណត្តិមុនៗ។ សម្តេចតេជោបន្តថា ជោគជ័យនេះ គឺបានមកដោយសារ​ប្រជា​ជន​បានគាំទ្រ​ចំពោះ​គណបក្សប្រជាជនកម្ពុជា មានជាង77 ភាគរយ​នៃ​សំឡេងឆ្នោតបាន បោះឲ្យគណបក្សប្រជាជន​កម្ពុជា ក្នុងចំណោ​មគ​ណបក្សដែលបានចូលរួមបោះឆ្នោតចំនួន20 ។ សម្តេចតេជោនាយ​ក​រដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកជំទាវ អំពីលទ្ធផលនៃជំនួបចរចា រវាង​សម្ដេចជាមួយនិងនាយករដ្ឋមន្ត្រី​ឡាវ ដែលពាក់ព័ន្ធនឹង​ការ​តភ្ជាប់​វារីអគ្គិសនី ការតភ្ជាប់ស្ពានពីខេត្តចំប៉ាសាក់ មកខេត្តព្រះវិហារ ដែលជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។
លោកជំទាវបានចាត់ទុកថា ជោគជ័យនៃជំនួបថ្ងៃនេះ​មានសារៈ​សំ​ខាន់ ក្នុងការបន្តជំរុញនូវ កិច្ចសហប្រតិបត្តិការទ្វេភាគី​រវាងប្រទេស​ទាំង​ពីរ។ លោកជំទាវចង់ឲ្យនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរធ្វើ​ការ​ជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហារវាង​ប្រទេស​ទាំង​ពីរ ឲ្យបាន​ប្រសើរឡើងថែមទៀត។
បន្ទាប់មកនៅរសៀល​នោះដែរ ឯកឧត្តម ទេព ងន អនុប្រធាន​ព្រឹទ្ធ​សភា នៃព្រះរាជាណា ចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជា​ណា​ចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវចំនួនជាង១០០ នាក់ ។ ក្នុងពិ​ធី​សំណេះសំណាលគ្នានោះ ឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេ​ជោនាយករដ្ឋមន្រ្តីមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ​ប្រឹង​ប្រែងដែលនិស្សិត ទាំងអស់ បានខិតខំប្រឹងប្រែង​ក្នុងការស្នាក់​នៅ​សិក្សារៀនសូត្រ នៅប្រទេសឡាវ។ ឯកឧត្តមក៏​បាន​ជំរាបជូននិស្សិត​ទាំងនោះ ពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការ ពិភាក្សាជាមួយនិងរដ្ឋាភិបាលឡាវ ធ្វើយ៉ាងណា ដើម្បី​បន្ថែម​ថវិកាអាហារូបករណ៍ដល់និស្សិត ទាំងកម្ពុជា និងឡាវ ដែលកំពុង​សិក្សានៅប្រទេសរៀងៗខ្លួន។ ក្នុងជំនួបគ្នានោះដែរ ឯកឧត្តមអនុ​ប្រធានព្រឹទ្ធសភា ក៏បានជូនថវិការបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឧបត្ថម្ភជូនដល់និស្សិតទាំ​ង​នោះផងដែរ៕