ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាចាប់ផ្ដើមបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញបន្ទាប់ពីផ្អាកមួយរយ:

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ជួន បូណា៖​
​ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមដាក់ឲ្យដំណើរការបញ្ជូនពលករទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈ។


ឯកឧត្ដម ងុយ រិទ្ធ នាយករងខុទ្ទកាល័យ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចឲ្យមានការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីឡើងវិញនេះ បន្ទាប់ពីមានសមាគមចំនួន៥ ត្រូវបានអនុញ្ញាតឲ្យបញ្ជូនពលករកម្ពុជា ដោយគិតគូរពីការលើកកម្ពស់សិទ្ធិ សុខុមាលភាព និងការការពារពលករទេសន្តប្រទេសន៍កម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី។


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែធ្នូនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការសហការការពារពលករកម្ពុជាធ្វើការនៅម៉ាឡេស៊ីជាមួយសមាគមទីភ្នាក់ងារបញ្ជូនកម្មករ និងស្រ្តីកម្ពុជាទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីចំនួន៥ មានដូចជា៖ សមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា សមាគមម៉ាឡេស៊ីនៃទីភ្នាក់ងារស្រ្តីជំនួយការមេផ្ទះ សមាគមជាតិធនធនមនុស្សម៉ាឡេស៊ី និងសមាគមជាតិម៉ាឡេស៊ីទីភ្នាក់ងារការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ិត សំហេង។
ឯកឧត្ដម ងុយ រិទ្ធ បានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ ជាយន្តការថ្មីមួយនៅក្នុងការចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងការធ្វើសកម្មភាពបង្កើនអត្ថប្រយោជន៍ជូនពលករទេសន្តប្រទេសន៍កម្ពុជាដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
លោកស្រី អ៊ឹង ស៊ានរិទ្ធី អគ្គនាយិកាក្រុមហ៊ុន អ៊ឹង រិទ្ធីគ្រុប បានឲ្យដឹងថា កិច្ចសហគ្នារវាងសមាគមចំនួន៥នេះ ជាការរៀបចំឡើងវិញនូវយន្ដការការការពារ និងធានាសុវត្ថិភាពពលករកម្ពុជា ដែលជាស្រ្តីទៅបម្រើការផ្នែកមេផ្ទះ ជំនួយការផ្ទះ និងការងាររោងចក្រនៅប្រទេសម៉ាឡេស៊ី ។
​ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្អាកការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនេះ អស់រយៈពេលជិត៧ឆ្នាំហើយ បន្ទាប់ពីមានពលករជាស្រ្តីរបស់កម្ពុជា ដែលទៅធ្វើការតាមផ្ទះ ត្រូវបានបំពានសិទ្ធិ និងរាងកាយ ពីសំណាក់ម្ចាស់ផ្ទះ៕