ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងវៀងច័ន្ទបន្ទាប់ពីអញ្ជើញទៅដល់ប្រកបដោយសុវត្តិភាព

វិទ្យុជាតិកម្ពុជា៖ ដោយ លោក មឹង កុសល៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណះប្រតិភូ​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាលកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រ​ជាធិ​បតេយ្យ​ប្រជាមានិតឡាវ ជើងហោះហើរលេខ 001 នៅព្រឹកថ្ងៃទី៥ធ្នូនេះ បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅ​អា​កាសយានដ្ឋានអន្តរជាតិ វ៉ាត់តៃ(Wattay) ក្នុងទីក្រុងវៀងច័ន្ទ ក្រោមការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម​សាស្រ្តាចារ្យបណ្ឌិត បូសេងខាំ វង់ដារ៉ា(Bosengkham Vongdara) រដ្ឋមន្រ្តីក្រសួង ព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។


នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅទីស្តីការគណ:រដ្ឋមន្រ្តីឡាវ ក្នុងទីក្រុងវៀងច័ន្ទ វត្តមាននៃការ​អញ្ជើញ​ដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ច ស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ ។
ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ទីក្រុងវៀងច័ន្ទនៅពេលនេះ គឺឆ្លើយតប​តាម​ការ​​អញ្ជើញពីសមភាគី ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ បន្ទាប់ពីសម្តេចតេ​ជោនាយក​រដ្ឋមន្រ្តី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីថ្ងៃខែ​កញ្ញា​ឆ្នាំ​២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ពីការបោះឆ្នោតសកល ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨។


សូមបញ្ជាក់ថា ប្រទេសកម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦ ជា​ប្រទេស​​​ដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នា ប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ ដំណើរ​បំពេញ​ទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេស​ឡាវនៅ​ពេល​នេះ គឺដើម្បី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាម​ព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហ ប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។


បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញ ជំនួប​ចង្អៀត​​​មួយ មុននិងឈានទៅកិច្ចប្រជុំកំពូលទ្វេភាគីសម្រាប់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ។

បន្ទាប់ពីបានពិភាក្សាគ្នាក្នុងជំនួបចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ដែលបានចំណាយ​ពេលជិត​២​ម៉ោង​ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញ​ធ្វើជា​សាក្សីនៃពិធី ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៤ ក្នុងនោះរួមមានទី១ កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយះពេល៥ឆ្នាំ , ទី២អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និង​សិល្ប: សម្រាប់ឆ្នាំ២០១៩-២០២១ , ទី៣ អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីស​ម្រាប់ការបង្ហាញ​សិល្ប: និងការផ្លាស់ប្តូរ វប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ និងទី៤ អនុស្សារណ:នៃការយោគយល់គ្នា ស្តីពី កិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនី តាមតង់ស្យុងខ្ពស់ ២៣០ និង៥០០គីឡូវ៉ុល ពីស្ថានីយ៍បានហាត ប្រទេសឡាវ មកស្ថានីយ៍ស្ទឹងត្រែង របស់ប្រទេសកម្ពុជា៕