ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សាខាកាកបាតក្រហមរាជធានីភ្នំពេញប្រាព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ក្រោមប្រធានបទ យើងប្តេជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖
សាខាកាកបាតក្រហមរាជធានីភ្នំពេញ ល្ងាចថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម ស្ថិត​ក្នុងបរិ​វេណ​មណ្ឌលកុមារកំព្រាភ្នំពេញថ្មី សាខាកាកបាទក្រហមកម្ពុជា រាជធា​នី​ភ្នំពេញ បានប្រាព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ២០១៨ ក្រោមប្រធានបទ​យើងប្តេជ្ញារួមគ្នាបញ្ចប់​បញ្ហាអេដស៍​នៅ​ឆ្នាំ២០២៥ ស្ថិតក្នុងអធិបតីភាពលោក មាន ចាន់យ៉ាដា ប្រធាន​គណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីលោក លោក លោកស្រីក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីទីស្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា អនុសាខា បុគ្គលិកអគារផ្កាម្លិះ ព្រមទាំងប្អូនៗ ក្មួយៗ កុមាររស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ និងកុមាររងផលប៉ះពាល់ សរុបចំនួនប្រមាណ៣៥០នាក់ ។


មានប្រសាសន៍នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធាន​កិត្តិយសសាខា លោក មាន ចាន់យ៉ាដា បានពាំនាំនូវការផ្ដាំ​ផ្ញើសួរ​សុខ​​​​ទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​​​កាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់​ជាតិនៃវេ​ទិកាភាព​ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺ​អេដស៍នៅកម្ពុជា ជូនដល់អង្គពិធីទាំងមូលប្រកប​ដោយសេចក្តីនឹក​រលឹក ។

លោកប្រធានគណៈកម្មាធិការសាខា ក៏បាននាំនូវអនុ​សា​សន៍​​​​៥ចំនុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់បងប្អូន ក្មួយៗ ទាំងអស់ រួមមាន៖
១. សូមបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសក្មួយៗជាយុវជន យុវនារី ត្រូវស្វែងយល់ឱ្យបានជាប្រចាំនូវចំណេះដឹងស្តីពីការបង្ការការចម្លងមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើងពីការរាលដាលនៃមេរោគអេដស៍។


២. ប្រជាពលរដ្ឋដែលបានប្រព្រឹត្ត ឬសង្ស័យថា ខ្លួនបាន​ប្រឈម​នឹង​ការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅស្វែង​រកសេវា​ផ្តល់​ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្មគ្រ័ចិត្ត និងរក្សា​ការសម្ងាត់ នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។


៣. ស្ត្រីមានផ្ទៃពោះទាំងអស់ សូមប្រញាប់រួសរាន់ទៅស្វែង​រកសេ​វា​ថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់​ទៅតាម​ការ​ណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីទប់ស្កាត់ការចម្លងមេរោគអេដស៍ពី ម្តាយទៅទារក។


៤.ត្រូវបញ្ឈប់ជាដាច់ខាត នូវគ្រប់ទម្រង់រើសអើង ឬមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ព្រោះជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។


៥.ប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរឬមានការប្រព្រឹត្ត​ប្រ​ឈម​​​ខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោម​អនា​ម័យ​ឱ្យបាន១០០% នៅរៀងរាល់ពេលដែលមាន​ទំនាក់ទំនង​រួមភេទ​។


ជាមួយគ្នានោះ លោកប្រធានគណៈកម្មាធិការសាខា និងគណៈ​អធិបតីទាំងអស់ ក៏បានចែកអំណោយមនុស្សធម៌ជូនដល់កុមាររស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ និងកុមាររងផលប៉ះពាល់ សរុបចំនួន២៥០នាក់ ក្នុង១នាក់ៗទទួលបាន ៖ គ្រឿងឧបភោគបរិភោគ១កញ្ចប់ សម្ភារៈសិក្សា១សម្រាប់ និងថវិកាចំនួន១មុឺនរៀល ៕