ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីស្រាអែលឃុំឃាំងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគេសង្ស័យ១០នាក់នៅវេសបែង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — កងកម្លាំងសន្តិសុខអ៊ីស្រាអែលបាននិយាយពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានឃុំខ្លួនពួកសកម្មប្រយុទ្ធ ប៉ាឡេស្ទីន ដែលគេសង្ស័យ១០នាក់នៅវេសបែងក្នុងការវាយឆ្មក់នៅពេលយប់ ។

អ្នកនាំពាក្យយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកអ្នកដែលគេឃុំឃាំងត្រូវបានគេសង្ស័យពីបទមានជាប់ពាក់ព័ន្ធ ក្នុងសកម្មភាពភេរវកម្ម, ភេរវកម្មពេញនិយម និងការបង្កចលាចលដ៏ឃោររឃៅប្រចាំនឹងពួកជនស៊ីវិល ព្រមទាំងទាហាន ។

សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា គេរឹបអូសយកបានគ្រឿងសព្វាវុធមួយចំនួន នៅក្នុងទី ក្រុងកាល់គីលីយ៉ា នៅវេសបែងភាគខាងជើង និងនៅក្នុងទីក្រុងហេប្រុនខាងត្បូងហ្សរុយសាឡឹម ។

ការចាប់ខ្លួននេះ គឺជាផ្នែកនៃការវាយឆ្មក់ពេលយប់ដែលធ្វើឡើង ដោយយោធាអ៊ីស្រាអែលនៅ ទូទាំងវេសបែងដោយលើឡើងនូវហេតុផលសន្តិសុខ ។

អ៊ីស្រាអែលបានកាន់កាប់វេសបែងនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ឆ្នាំ ១៩៦៧ ហើយចាប់តាំងពីពេល នោះមកបានត្រួតត្រាតំបន់នេះ ទោះបីជាមានការរិះគន់ជាអន្តរជាតិក៏ដោយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )