ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រុស្ស៊ីដាក់ពង្រាយកងវរសេនាតូច S-400 មួយទៀតនៅគ្រីមៀរ នៅពេលមានភាពតានតឹង

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ពួកអាជ្ញាធរបាននិយាយថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារអាកាស S-400 មួយទៀតកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងគ្រីមៀរខាងជើងនៅពេលមានភាពតានតឹងក្នុងច្រកសមុទ្រ Kerch ។

អ្នកនាំពាក្យកងនាវាចរសមុទ្រខ្មៅលោកអាទិ្បចសេ រូឡេវ បាននិយាយថា កងវរសេនាតូចលេខ៤ នៃប្រព័ន្ធ S-400 ថ្មីបំផុតបានទទួលយកភារកិច្ចប្រយុទ្ធនៅគ្រីមៀរភាគខាងជើង ។

កងវរសេនាតូច ៣ ទៀត ត្រូវបានដាក់ពង្រាយនៅក្នុងផ្នែកភាគខាងជើង ភាគខាងលិច និងភាគខាងត្បូងនៃឧបទ្វីបនេះ ចាប់តាំងពីគ្រីមៀរ ត្រូវបានគេបញ្ចូលក្នុងប្រទេសរុស្ស៊ី កាលពីក្នុងខែមីនា ឆ្នាំ ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិក្នុងស្រុកមួយ ។

តាមក្រសួងការពារប្រទេសរុស្ស៊ីឱ្យដឹងថា មុនការដាក់ពង្រាយក្នុងគ្រីមៀរ កងវរសេនាតូចលេខ៤ នេះបានបញ្ចប់ដោយជោគជ័យការធ្វើសមយុទ្ធនៅឯមូលដ្ឋានធ្វើតេស Kapustin Yar ក្នុងតំបន់Astrakhan ។ រុស្ស៊ីបានពង្រឹងកងកម្លាំងរបស់ខ្លួននៅគ្រីមៀរ នៅពេលមានការប្រឈមមុខដាក់គ្នាដែលកំពុងប្រព្រឹត្តិទៅជាមួយអ៊ុយក្រែននៅច្រកសមុទ្រ Kerch និង សមុទ្រ Azov អ៊ុយក្រែនបានដាក់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឱ្យស្ថិតនៅក្នុងការប្រុងប្រយ័ត្នធ្វើការប្រយុទ្ធទាំងស្រុង នឹងបានដាក់ច្បាប់អាជ្ញាសឹករយៈពេល ៣០ ថ្ងៃបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបាញ់និងរឹបអូសយកនាវាកងនាវាចរអ៊ុយក្រែន ៣គ្រឿងនៅក្បែរច្រកសមុទ្រ Kerch លើបទចោទប្រកាន់រំលោភលើព្រំដែនរុស្ស៊ីកាលពីថ្ងៃអាទិត្យ ​។

ប្រព័ន្ធ S-400 របស់រុស្ស៊ីត្រូវបានគេរៀបចំឡើងដើម្បីកម្ទេចគោលដៅអាកាស ដែលរួមមានយន្តហោះចម្បាំង, មីស៊ីលផ្លោង និងគ្រូស ក្នុងចម្ងាយរហូតដល់ទៅ ៤០០ គីឡូម៉ែត្រ នឹងក្នុងរយៈកម្ពស់រហូតដល់ទៅ ៣០ គីឡូម៉ែត្រ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )