ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងត្បូងស្វះស្វែងរកឱ្យមានដំណើរទស្សនកិច្ចរបស់មេដឹកនាំ កូរ៉េខាងជើងដោយបើកចំហនូវគ្រប់លទ្ធភាពទាំងអស់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង​បាននិយាយកាលពីថ្ងៃសុក្រថា វានៅតែ​រក្សា​ទុក​ ដោយ​បើកចំហនូវរាល់លទ្ធភាពទាំងអស់ ដោយជាប់ទាក់ទងនឹងដំណើរទស្សនកិច្ចដែល​បានគ្រោងទុករបស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុង-អ៊ុន​ នៅក្នុងការឆ្លើយតបនៅ​​នឹង​​របាយការណ៍សារព័ត៌មានមួយថា ទីក្រុង  សេអ៊ូលបាននឹងកំពុងព្យាយាម ក្នុងការរៀបចំដំណើរ​ទស្សនកិច្ចរបស់លោក​នាពាក់កណ្តាលខែធ្នូខាងមុខនេះ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបាននិយាយថា​  ការិយាល័យប្រធានា​ធិបតី ចេអុងវ៉ាដា បាននឹងកំពុងរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក​ គីម ដោយជឿ​ជាក់​ថា វាអាចនឹងប្រព្រឹត្តិទៅនៅក្នុងរង្វង់ថ្ងៃទី​១៣-១៤​ ខែធ្នូ ប៉ុន្តែកូរ៉េខាងជើងបានស្នើឱ្យ​ពន្យា​រពេល​ ដោយយោងលើការព្រួយបារម្ភខាងផ្នែកសន្តិសុខ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនោះបាននិយាយទៀតថា រដ្ឋាភិបាលនេះនឹងហាក់ដូចជាចង់ជំរុញឱ្យមានដំណើរទស្សនកិច្ចឡើងវិញនាពាក់កណ្តាលខែធ្នូនេះ និងមានការបង្ហាញពីបញ្ហានានា​នៅពេលដែលប្រធានាធិបតីលោក មូន ចា-អ៊ិន ​ធ្វើកិច្ច​ប្រជុំ​កំពូលមួយជាមួយ​ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ​ នៅខាងក្រៅនៃកិច្ចប្រជុំ​កំពូលក្រុមប្រទេសG20 នៅក្នុងប្រទេសអាហ្សង់ទីន នាថ្ងៃសៅរ៍ស្អែកនេះ។

អ្នកនាំពាក្យ ចេអុងវ៉ាដា លោក Kim Eui-Kyeom បាននិយាយនៅក្នុងអត្ថបទសារមួយ​ផ្ញើរ​ទៅកាន់អ្នកសារព័ត៌មានថា យើងកំពុងពិភាក្សាគ្នាពីបញ្ហានេះ ដោយបើកចំហនូវគ្រប់​លទ្ធភាពទាំងអស់។ គ្មានអ្វីមួយត្រូវបានគេសម្រេចចិត្តនៅឡើយទេ។

លោកបានបន្ថែមថា យើងកំពុងរៀបចំសម្រាប់លទ្ធភាពដែលអាចធ្វើឡើងទៅបាននៃ​ដំណើរ​ទស្សនកិច្ចរបស់លោក ដែលបានផ្អែកលើទស្សនីយភាពសំខាន់មួយចំនួន៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )