ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលខេត្តកំពង់ធំប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ

AKP កំពង់ធំ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ — រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៥ ( ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០១៨ ) ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានរម្លឹកគុណយុទ្ធជនពលី(ស្តូប)ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹង សែន ខេត្ដកំពង់ធំ។  

ពិធីនេះ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ ៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា ខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមានការ​អញ្ជើញ រួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង-ស្រុក សិស្សានុសិស្ស និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ដែលមានសមាជិក សមាជិកា ចូលរួមសរុបប្រមាណចំនួន ១.១៦៥ នាក់។


ឯកឧត្តម​ សុខ លូ បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ១៩៥៣-៩វិច្ឆិកា ឆ្នាំ២០១៨ ដែលប្រព្រឹតទៅនេះគឺស្របពេលជាមួយនឹងទិវាបុណ្យខួបលើកទី៦៥ នៃការបង្កើតកងយោធពលខេមរភូមិន្ទគឺជាទិវាប្រវត្តិសាស្ត្រ និងជាប្រពៃណីដ៏ថ្លៃថ្លារបស់ ជាតិ​ខ្មែរដើម្បីរម្លឹកគុណូបការដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោតដែល បានដឹកនាំទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងរម្លឹកគុណដល់វីរកុលបុត្រកុល ធីតាកងកម្លាំងប្រដាប់អាវុធនៃកងយោធពលខេមរភូមិន្ទនៅគ្រប់ជំនាន់ដែលបានឆ្លងកាត់នៅគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ។ ឯកឧត្តមបានបន្ដថា ដើម្បីបន្តនូវគំរូ​វីរភាពដ៏ថ្លៃថ្លានេះសូមកងកម្លាំងប្រដាប់អាវុធទាំងអស់ពិសេសកងយោធពលខេមរភូមិន្ទ បន្ត​ការពារមាតុភូមិ ការពារសន្តិសុខសណ្ដាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យបាន​គង់វង្សស្ថិតស្ថេររួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចម្រើនរុងរឿងក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមសាមគ្គីជាតិដ៏ទូលំទូលាយដោយគ្មានការកើត​ឡើងជាថ្មីទៀតនូវ​សង្គ្រាមសោកនាដកម្ម និងគ្រោះបហន្តរាយដូចអតីតកាល។ ឯកឧត្ដមអភិបាលខេត្ដ​បាន​សម្ដែងនូវការគោរពដឹងគុណចំពោះបងប្អូនជនរួមជាតិដែលបានលះបង់កូនចៅ ប្ដីសី សាច់​ញាតិជាទីស្រឡាញ់របស់ខ្លួនឱ្យចូលបម្រើក្នុងជួរកងទ័ពដើម្បីការពារជាតិមាតុភូមិនៅគ្រប់ ជំនាន់ និងសូមផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់​និងដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះគ្រួសារយោធិនគ្រប់រូបក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ផងដែរ៕

ដោយ ស៊ុម វណ្ណា