ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងសាធារណការ៖ តាមរយៈការត្រួតពិនិត្យយានយន្ដរកឃើញថា អ្នកបើកបរចំនួន២៥ភាគរយ ​គ្មានប័ណ្ណបើកបរត្រឹមត្រូវ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា តាមរយៈកិច្ចសហការរវាងក្រសួង សាធារណការ និងក្រសួងមហាផ្ទៃដែលបានចុះត្រួតពិនិត្យអ្នកបើកបរយានយន្ដ នៅតាមដង ផ្លូវរកឃើញថា អ្នកបើកបរចំនួន២៥ភាគរយ គឺមានប័ណ្ណបើកបរ ប៉ុន្ដែមិនត្រឹមត្រូវតាមប្រភេទ រថយន្ដដែលច្បាប់បានកំណត់។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា អ្នកបើកបររថយន្ដចំនួន២៥ភាគរយ រកឃើញថា គឺប័ណ្ណបើកបរ មិនត្រឹមត្រូវតាមច្បាប់កំណត់ ហើយ១០ភាគរយគ្មានប័ណ្ណបើកបរ ឬប្រើប្រាស់ប័ណ្ណបើកបរ ក្លែងក្លាយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្ដធុនធ្ងន់ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅអគ្គ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកឯកឧត្តម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ចាប់ពី ពេលនេះទៅក្រសួងសាធារណការ ម្រូវ ឱ្យអ្នកបើកបរ ត្រូវមានប័ណ្ណបើកបរឱ្យបានត្រឹមត្រូវ និងទៅតាមប្រភេទយានយន្ដក្នុងការើកបរ ជាពិសេសស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការចូលរួមគោរពច្បាប់ឱ្យបានទាំងអស់គ្នា។ ឯកឧត្តមបានបន្ដថា ការបង្កើតមជ្ឈមណ្ឌល បណ្ដុះបណ្ដាលបើកបររថយន្ដធុនធ្ងន់នេះដោយសារតែនៅកម្ពុជាមិនទាន់មានសាលាបង្រៀន បើកបរប្រភេទរថយន្ដធុនធ្ងន់នៅឡើយ ដែលការបើកបររថយន្ដធុនធ្ងន់នេះគឺពិតជាផ្ដល់នូវ សារៈសំខាន់ណាស់ ប្រសិនបើការបើកបរមិនបានត្រឹមត្រូវ នឹងបង្កឱ្យមានគ្រោះថ្នាក់ចរាចរ កាន់តែច្រើនឯកឧត្ដមរដ្ឋ មន្រ្ដីបានបន្ដទៀតថា បច្ចុប្បន្ននេះ អ្នកបើកបររថយន្ដធុនធ្ងន់ កំពុងមានការការខ្វះខាតច្រើន ហើយការបណ្ដុះបណ្ដាលនឹងផ្ដល់នូវចំណេះដឹងដល់អ្នកបើក បរឱ្យស្គាល់ពីច្បាប់ចរាចរណ៍ផ្លូវគោក និងរបៀបនៃការបើកបររថយន្ដធុនធ្ងន់ តាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានណែនាំដល់វិស័យឯកជន ក្រុមហ៊ុនរថយន្ដដឹកជញ្ជូនអ្នកដំណើរ ទាំងអស់ ត្រូវចូលរួមពិនិត្យមើលបុគ្គលិករបស់ខ្លួនដែលបើកបររថយន្ដ តើថាមានប័ណ្ណបើកបរ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ អ្នកបើកបរទាំងនោះបានគោរពច្បាប់ចរាចរណ៍ ឬមិនគោរព ហើយ មានប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនក្នុងពេលកំពុងបើកបរដែរឬទេ ដើម្បីជាការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ

លោក Chalat Wongsanguan ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដលជំនាញនៃ ក្រុមហ៊ុន អេស ស៊ី ជី នៃប្រទេសថៃ បានឱ្យដឹងថា ក្រុមហ៊ុននឹងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្ដល់នូវជំនាញ និងបច្ចេកទេសក្នុងការបើកបរ ក្នុងការចូលរួមធានា សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការបើកបរយានយន្ដ ឱ្យបានត្រឹមត្រូវ និងស្រប តាមស្ដង់ដារ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បច្ចុប្បន្ននេះ រថយន្ដធុនធ្ងន់ដែលបានចុះបញ្ជីនៅក្រសួងគឺមានចំនួនជាង២៣ម៉ឺនគ្រឿង ហើយ អ្នកដែលមានប័ណ្ណបើកបររថយន្ដប្រភេទនេះគឺប្រមាណតែ៦០ភាគរយតែប៉ុណ្ណោះ៕

ដោយ អ៊ុន រិទ្ធី