ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម វេង សាខុនថា​ កិច្ចប្រជុំនៅប្រទេសវៀតណាមទទួលបានជោគជ័យ

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ ហោ​ សេងគ្រី​:

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានមានប្រសាសន៍អោយដឹថា បកិច្ចប្រជុំលើកទី៤០ នៃរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន កិច្ចប្រជុំលើកទី១៨ នៃរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី និងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអនាម័យនិងភូតគាមអនាម័យលើកទី៦ ថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន កាលពីថ្ងៃទី១១ និងថ្ងៃទី១២

ខែតុលា ឆ្នាំ២០១៨ កន្លងទៅ ប្រកបដោយជោគជ័យ និងមានភាពស្និទ្ធស្នាលរវាងបណ្តាប្រទេសដែលជាសមាជិកចូលរួម។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំទាំងបីខាងលើ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ រដ្ឋមន្រ្តីកសិកម្មវៀតណាម ចិន ជប៉ុន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិច ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មកសិកម្មឆ្លងដែន យន្តការនៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតតាមរយៈផលិតផលកសិកម្មឆ្លងដែន ការរៀបចំវិធានការចំពោះបទល្មើសឆ្លងដែន ការបោះទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនដែលគាំទ្រដល់ការអភិវឌ្ឍន៏វិស័យកសិកម្ម។

ដោយមានការដាក់ចេញនូវគោលនយោបាយថ្មីៗ សំដៅលើកទឹកចិត្តដល់អ្នកវិនិយោគទុន ជាពិសេសក្នុងវិស័យកសិកម្ម និងតាមរយៈនៃការអំពាវនាវនៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន សង្ឃឹមថាកម្ពុជានឹងអាចទទួលបាននូវការបោះទុនវិនិយោគបន្ថែមទៀតទាំងផ្នែកផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានប្តេជ្ញាបន្តជំរុញការងារកំណែទម្រង់វិស័យកសិកម្មនៅកម្ពុជា និងការធ្វើអាទិភាពការងារ ដើម្បីឲ្យស្របទៅនឹងការវិវឌ្ឍន៏នៃសេដ្ឋកិច្ចជាតិ និងថ្នាក់តំបន់។

សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០ ខាងមុខនេះកម្ពុជានឹងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំលើកទី៤១ នៃរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន។

កាលពីព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០១៨ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងគណប្រតិភូ បានអញ្ជើញនិវត្តមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយសុវត្ថិភាព។