ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា សម្រេចបន្តកិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាម៉េរិកបាត់ខ្លួននៅកម្ពុជា ឡើងវិញ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​យ​ល់​ព្រម​ចាប់ ផ្ដើមឡើងវិញនូវកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនូវកម្មវិធីស្វែង​រកអដ្ឋិ​ធា​តុ​ឈ្លើយ សឹក និងទាហានអាម៉េរិក ដែលបានបាត់ខ្លួន (POW/MIA) នៅក្នុងប្រទេសកម្ពុជា ប​ន្ទា​ប់ពី កិចហ្ចសហប្រតិបត្តិការនេះបានផ្អាកមួយរយៈកន្លងមកនោះ។


ក្នុងលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​សមាជិក​ព្រឹទ្ធសភា លោក ដុក អេ​រិ​ក​សុន និ​ង​លោក​តំណាងរាស្ត្រ វីន​សុន បា​យ្ស រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងបាន​ចម្លងជូន ​លោ​ក​​ស្រី អាន​មៀល គ្រី​ហ្វី​ត ( Ann-Mills Gritfiths ) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​សមាគមជាតិ​នៃ​​​គ្រួសារ របស់​កម្មវិធី​រុករក​អដ្ឋ​ធាតុ​ឈ្លើយសឹក និង​ទាហាន​អាម៉េរិក ដែល​បាត់​ខ្លួន​ក្នុង​ស​ង្គ្រា​ម ​( POW/MIA ) កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់ថា “​ខ្ញុំ​មាន​សេចក្តី​រីករាយ​ដោយបាន​ទទួល​លិខិត​រួមគ្នា​របស់​ឯកឧត្តម សម្តែង​នូវ​ការពេញ​ចិត្ត​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​សព្វថ្ងៃ និង​សេចក្តីប្រាថ្នា​របស់​ឯកឧត្តម ដែល​ចង់​ឱ្យ​បន្ត​ឡើងវិញ​នូវ​កម្មវិធី​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​អាម៉េរិក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម ( POW/MIA ) នៅក្នុង​ប្រទេស​កម្ពុជា​”​។

​សម្តេច​តេ​ជោបន្តថា ជាការ​ពិត​យើង​តែ​ង​តែមាន​បំណង​ចង់​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ និង​ធ្វើឱ្យកាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហ​ប្រតិ​ប​កា​រ​​ត្តិ​​ការ​លើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​ឈរលើ​មូលដ្ឋាន​ផល​​ប្រ​យោ​ជ​ន៍​រួម និង​គោរព​គ្នា​ទៅវិញទៅមក​។ កិច្ចសហប្រតិបត្តិការ​លើ​កម្មវិធី POW/MIA តាំងពី​មុ​ន​ពេល​កម្ពុជា និង​សហរដ្ឋ​អាមេរិក ត​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ នៅ​ទសវត្ស១៩៩០ គឺជា​ឧ​ទា​ហ​រ​ណ៍​បញ្ជាក់​ច្បាស់​អំពី​ការខិតខំ​របស់​យើង​ដើម្បី​គោលដៅ​នេះ ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​នូវ​​ការ​រួម​​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ក្រុមគ្រួសារ​ឈ្លើយសឹក និង​ទាហាន​អា​ម៉េ​រិក​បា​ត់​​ខ្លួន ដែល​បាន​រង​ទុក្ខ​ផ្លូវចិត្ត​យ៉ាង​ធំធេង​ដោយ​ការបាត់​បង់​របស់គេ​​។ ​សម្តេច​តេ​ជោនាយ​ក​រដ្ឋ​មន្ត្រី​បន្តទៀតថា ​កម្មវិធី POW/MIA បាន​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​អស់​ជាង៣០​ឆ្នាំ​មក​ហើយ មុនពេល​ត្រូវ​ផ្អាក បន្ទាប់ពី​កម្ពុជា​ត្រូវបាន​ដាក់ទណ្ឌកម្ម​យ៉ាង​អយុត្តិធម៌ ដោយ​គ្រាន់តែ​ស្នើសុំឱ្យសហរដ្ឋ​អាមេរិក ផ្តល់​ការពិចារណា​បន្ថែម ចំពោះ​ករណី​កម្មវិធី​ធ្វើ​មាតុភូមិ​និវត្ត​ខ្មែរ​នៅ​អា​ម៉េរិ​ក​ ដោយ​ឈរលើ​មូលដ្ឋាន​មនុស្សធម៌ ប្រហាក់ប្រហែលគ្នា​ដែរ​​។ ​សម្តេច​តេ​ជោ ​បាន​គូស​ប​ញ្ជា​ក់​ទៀតថា ​ដូចដែល​យើង​បាន​ពិភាក្សា​លើក​មុន និង​ឆ្លើយតប​ចំពោះ​សំណើ​របស់​ឯកឧត្តម ព្រ​ម​​ទាំង​សំណើ​របស់​អង្គការ​ពាក់ព័ន្ធ​ដទៃទៀត​របស់​សហរដ្ឋ​អាមេរិក រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ក្នុ​ង​ស្មារតី​មេត្តាករុណា​ដូច​កន្លងមក យល់ព្រម​ចាប់ផ្តើម​ឡើងវិញ​នូវ​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ POW/MIA ដ៏​សំខាន់​នេះ ទោះបី​ជាការ​រឹតត្បិត​ទិដ្ឋាការ​សហរដ្ឋ​អាមេរិក នៅតែមាន​សុពលភាព​ក៏ដោយ​។​

គួរបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អាម៉េរិក នៅ​កម្ពុជា ត្រូ​វ ​បា​ន​​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​សហរដ្ឋអាមេរិក បាន​រឹត​បន្តឹ​ង​លើ​ការផ្តល់​ទិដ្ឋាការ (Visa) ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ចាប់តាំងពី​ថ្នាក់​អគ្គ​នា​យ​ក​ រហូតដល់​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​ក្រុមគ្រួសារ​។ ​សហរដ្ឋអាមេរិក បានដាក់​ចេញ​នូវ​ទ​ណ្ឌកម្ម​រឹតបន្តឹង​លើ​ទិដ្ឋាការ​ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា បន្ទាប់ពី​កម្ពុជា បានស្នើ​សុំ​ដ​ល់​​​​សហរដ្ឋអាមេរិក ឱ្យ​ពិចារណា​ឡើងវិញ ចំពោះ​ការចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរសញ្ជាតិ​អាម៉េរិក ដែ​​លមាន​ទោសកំហុស ដោយ​កម្ពុជា​ស្នើ​ដល់​អាម៉េរិក​ឱ្យ​ឃុំឃាំង​អ្នក​ទាំងនោះ នៅ​ទឹកដី​អាម៉េ ​រិ​ក​ ជំនួស​ការចាប់​បញ្ជូន​ពួកគេ​ទាំង​បង្ខំ​មក​កម្ពុជា ហើយ​ហាមឃាត់​មិនឱ្យ​ចូល​ទឹកដី​អាម៉េរិក​។ វិ​ធា​នការ​របស់​អាម៉េរិក​ដូច្នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកថា ធ្វើឱ្យ​ក្រុមគ្រួសារ​ព​ល​រដ្ឋ​​ខ្មែរ មាន​សញ្ជាតិ​អាម៉េរិក​ទាំងនោះ ត្រូវ​ព្រាត់ប្រាស់​ប្រពន្ធ​កូន​ជា​រៀងរហូត​។ ​

បើតាម​របា​យ​ការ​ណ៍​បង្ហាញថា ទាហាន​អាម៉េរិក ប្រមាណ ៩០​នាក់ បាន​បាត់​ខ្លួន នៅ​ក្នុងប្រទេសកម្ពុជា ក្នុង​អំ​ឡុ​ង​​ពេល​នៃ​​សង្គ្រាម​វៀតណាម​។ នៅ​ឆ្នាំ ១៩៩២ សហរដ្ឋអាមេរិក បានស្នើ​សុំ​កិច្ចសហប្រតិបត្តិការ​ពី​កម្ពុ​ជា ក្នុងការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់ខ្លួន ដែល​បាន​បាត់​ខ្លួន​ទាំងនោះ​។ សំណើ​នេះ បាន​ទទួ​ល​ការស្វាគមន៍ ហើយ​ចាប់តាំងពី​ពេល​នោះមក ការរុករក​ទាហាន​អាម៉េរិក ក៏បាន​ធ្វើឡើង​នៅ​ក្នុង​ទឹកដី​កម្ពុជា និង​បាន​រកឃើញ​អដ្ឋិធាតុ​ជា​បន្តបន្ទាប់​ ដែលមុនពេល​ប្រតិបត្តិការ​នេះ ត្រូវ​បា​ន​ផ្អាក​ជា​បណ្តោះអាសន្ន កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ មាន​អដ្ឋិ​ធាតុ​ទាហាន និង​ឈ្លើយសឹក​អា​ម៉េរិក ប្រមាណជា ៤០​នាក់ ត្រូវបាន​រកឃើញ ហើយ​បញ្ជូន​ទៅកាន់​សហរដ្ឋអាមេរិក​វិញ​៕

ដោយ ជឹម ណារី