ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២នៅទីក្រុងប្រ៊ុចសែល ព្រះរាជាណាចក្រប៊ែលហ្ស៊ិក

វិទ្យុជាតិកម្ពុជា​:​ ដោយ​ លោក​ ហោ​ សេងគ្រី​:

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែតុលា ឆ្នាំ ២០១៨ នៅទីក្រុងប្រ៊ុចសែល ព្រះរាជាណាចក្រប៊ែលហ្ស៊ិក តបតាមការអញ្ជើញរបស់ឯកឧត្តម Donald Tusk ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងឯកឧត្តម Jean Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប។

អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី  មានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរៈជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំធុរកិច្ច នៃ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានអោយដឹងថា

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ “ អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល” មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ខណៈពេលដែលតំបន់ទាំងពីរជម្រុញកសាងកំលាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើន ចាប់ពីការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកប ដោយចីរភាព និងបំរែបំរួលអាកាសធាតុ ជាដើម។

ក្នុងសម័យប្រជុំពេញអង្គដែលមានមូលបទរង “ ពង្រឹងប្រព័ន្ធពហុនិយម៖ ជម្រុញភាពជាដៃគូអាស៊ី-អឺរ៉ុបអំពីការប្រឈមសកល” សម្តេចតេជោនាយករដ្ឋមន្រ្តី  នឹងថ្លែងបទអន្តរាគមន៍ដោយផ្តោតទៅលើប្រធានបទ៖ «របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន»។

ក្នុងអំឡុងពេលស្នាក់នៅប្រទេសបែលហ្ស៊ិក សម្តេចតេជោនាយករដ្ឋមន្រ្តី  នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយសមភាគីរបស់សម្តេចតេជោ ដូចជា ឯកឧត្តម Dmitry Medvedev នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ី ឯកឧត្តម Viktor Orbán នាយករដ្ឋមន្រ្តីនៃប្រទេសហុងហ្រ្គីលោកជំទាវ Erna Solberg នាយករដ្ឋមន្រ្តីនៃប្រទេសន័រវេស ឯកឧត្តម Andrej BabiŠ នាយករដ្ឋមន្រ្តីនៃប្រទេសឆែក និងថ្នាក់ដឹកនាំគណៈប្រតិភូដទៃទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបែលហ្ស៊ិក ផងដែរ៕