ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះជួយពិនិត្យព្យាបាលជំងឺ ទូទៅជូនប្រជាពលរដ្ឋនៅស្រុកជីក្រែង

AKP សៀមរាប ថ្ងៃទី១៣ ខែតុលា ឆ្នំាំ២០១៨ — ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាបប្រមាណជាង១.០០០នាក់ បានទទួលសេវា​ពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលខេត្ត សៀមរាប ដោយមានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរពេទ្យ កុមារអង្គរ។

ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ ក្នុង​បរិវេណ វត្តល្បើក ភូមិល្បើក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ថ្វីត្បិត នៅក្នុង​ឃុំទាំងអស់ក្នុងស្រុកជីក្រែងនេះ មាន​មណ្ឌលសុខភាពដែលបាន​ផ្តល់សេវាសុខាភិ បាលជូនប្រជាពលរដ្ឋជាប្រចាំ ប៉ុន្តែការចុះមកជួយពិនិត្យ និងព្យាបាលជូនជាពលរដ្ឋរបស់ក្រុម គ្រូពេទ្យស្ម័គ្រចិត្តនៅពេលនេះ គឺបានផ្តល់នូវសេវាសុខាភិបាលមួយចំនួនដែលនៅមណ្ឌល សុខភាពមិនទាន់មាន។ ទន្ទឹមនេះ បានជំរុញឱ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍មកពិនិត្យ សុខភាព ដើម្បីបានដឹងពីសុខភាពរបស់ខ្លួន ព្រោះថាកន្លងមកថ្មីៗនេះ នៅក្នុង​ឃុំអន្លង់ សំណរ នេះបានរងគ្រោះដោយទឹកជំនន់ដែលងាយធ្វើឱ្យឆ្លងមេរោគផ្សេងៗ។


លោកវេជ្ជបណ្ឌិតបានបន្តថា បេសកកម្មរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាល​ខេត្តសៀមរាប បានចុះពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅគ្រប់បណ្តាស្រុក​ទូទាំងខេត្តសៀមរាប ហើយស្រុកជីក្រែងនេះ គឺជាស្រុកទី៩ហើយ ។ លោកវេជ្ជបណ្ឌិត បានធ្វើការណែនាំអបរំសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែទាំសុខភាពសុខភាព ប្រចាំថ្ងៃ និងត្រូវប្រុងប្រយ័ត្នចំពោះការហូបចំណីអាហារ ដោយផ្តោសំខាន់លើការហូបស្អាត រស់នៅស្អាត ដើម្បីជៀសវាងការមានជំងឺផ្សេងៗ។


លោកវេជ្ជបណ្ឌិតបានបន្ថែមថា តាមរយៈនៃការចុះជួយពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋ នៅ តាមមូលដ្ឋានដោយផ្ទាល់កន្លងមកនេះឃើញថា ជំងឺភាគច្រើនដែលត្រូវពិត្យឃើញ សម្រាប់ កុមារមាន ជំងឺផ្លូវដង្ហើម សម្រាប់មុនស្សធំ មានប្រភេទជំងឺ លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ ជាដើម។


លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា សកម្មភាពដែលក្រុម គ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជា​ពលរដ្ឋទូទៅគ្រប់ទីកន្លែងទូទាំងខេត្តសៀមរាបនេះ គឺការជួយលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចៀសវាងពីជំងឺដង្កាត់ផ្សេងៗ ពិសេសជួយកាត់បន្ថយ​ការចំណាយទៅលើការសេវាព្យាបាល។ លោកអភិបាលរងខេត្ដបានបន្ដថា សម្រាប់ការចុះ មកពិនិត្យជំងឺនៅមូលដ្ឋានដោយផ្ទាល់នេះ បើសិនជារកឃើញមានករណីជំងឺធ្ងន់ធ្ងរ ឬជំងឺរំារ៉ៃ ក្រុមគ្រូពេទ្យនិងបញ្ជូនអ្នកជំងឺនោះ ឱ្យទៅបន្តការព្យាបាលនៅមន្ទីរពេទ្យបង្អែកបន្តទៀត។


ជាមួយគ្នានេះ សម្រាប់ការចុះមកជួយពិនិត្យនិងព្យាបាល្រជាពលរដ្ឋរបស់ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្តនៅពេលនេះ គឺមានក្រុមគ្រូពេទ្យជំនាញៗ និងបរិក្ខារពេទ្យទំនើបដែលបំពាក់នៅលើ​រថយន្តចំនួន២គ្រឿង។


ក្រៅពីការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋនេះក្រុមហ៊ុនMetfone ក៏បាននំាយក សម្ភារសិក្សាមួយចំនួនមកចែកជូនដល់សិក្សានុសិស្សនៅតំបន់នេះផងដែរ៕

ដោយ ឃុត សៅ