ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ៖ ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យ​កម្ពុជាទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ — គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចេញរបាយការណ៍ស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងរយៈពេល៩ខែ ឆ្នាំ ២០១៨នេះ ដោយបានគូសបញ្ជាក់ថា ក្នុងឆមាសទី២ ឆ្នាំ២០១៨ អាកាសធាតុមានការប្រែប្រួលច្រើនទាំងក្នុងតំបន់ ទាំងក្នុងភូមិសាស្ត្រប្រទេស​កម្ពុជា ដោយសារព្យុះក្នុងតំបន់កើតមានច្រើននៅពាក់កណ្តាលរដូវវស្សាខុសពីធម្មតា និងបង្ក​ឱ្យមានព្យុះទឹកជំនន់ និងការបាក់ដីនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់។ ដោយឡែក​កម្ពុជាបានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់នៅតាមតំបន់ជាច្រើន ជំនន់ទន្លេ​មេគង្គ មានចលនាឡើងចុះចំនួន៣ដង និងឡើងដល់កម្រិតប្រុងប្រយ័ត្ននៅតាម​ដងទន្លេមេ​គង្គ រួមទាំងទន្លេបាសាក់បន្ទាប់ពីបានអាក់ខានអស់រយៈពេល៤ឆ្នាំចុងក្រោយនេះ។


ក្នុងរបាយការណ៍ដដែលបានបង្ហាញអំពីស្ថានការណ៍គ្រោះ មហន្តរាយ រួមមាន ការខ្វះ ខាតទឹក ជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ការបាក់ច្រាំងទន្លេ ស្ទឹង ខ្យល់កន្ត្រាក់ ជំងឺឆ្លង និងអគ្គីភ័យជាដើម។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើ សេចក្តីសន្និដ្ឋានថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៨នេះ ព្យុះក្នុងតំបន់បានកើតមានចំនួន ២៥ លើក បើទោះបីជាមិនទទួលរងឥទ្ធិពលផ្ទាល់ក៏ដោយចុះ ក៏កម្ពុជាបានទទួលរងនូវ ឥទ្ធិពល​បន្ទាប់ពីអាកាសធាតុមានការប្រែប្រួលនេះ ពិសេសច្រើននៅពាក់កណ្តាលរដូវវស្សា ដែលបង្ក ឱ្យមានភ្លៀងធ្លាក់ជោកជាំក្នុងកម្រិតមិនធ្លាប់មាននៅតាមបណ្តាខេត្តមួយចំនួន បង្កឱ្យកើតមាន ជំនន់ទឹកភ្លៀង ជំនន់ទន្លេ មេគង្គចាប់ពីពាក់កណ្តាលខែកក្កដាកន្លងមក។ ចំណែកតំបន់មួយ​ចំនួនទៀតមានបរិមាណទឹកភ្លៀងធ្លាក់ខ្សោយនៅដំណាច់ខែកក្កដា ធ្វើឱ្យផលដំណាំមួយ​ចំនួនធំរងផលប៉ះពាល់ និងខូចខាតដូចជានៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ស្វាយរៀង ព្រៃវែងជាដើម ដែលស្ថានភាពបែបនេះធ្វើឱ្យប្រជាកសិករប្រឈមនឹងការខ្វះខាត ទាំងផ្នែកជីវភាព សុខភាពក្នុងគ្រួសារ និងសហគមន៍ ដែលចាំ បាច់ត្រូវមានការស្តារឡើងវិញ ក្នុងរយៈពេលវែង ក្នុងវិស័យកសិកម្ម សង្គមកិច្ច និងហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តជាដើម៕

ដោយ ប៉ាល់ សុង