ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទេសាភិបាលធនាគារជាតិនៃកម្ពុជាចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់មូល និធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅ ចូលរួម ក្នុងមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារ ពិភព លោក (WB) នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១០-១១-១២ ខែតុលា ឆ្នាំ២០១៨។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា។    
មហាសន្និបាតប្រចាំឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូស៊ី, ជាមួយនឹងវត្តមានរបស់ថ្នាក់នាំប្រទេស​អាស៊ានមួយ​ចំនួនជាភ្ញៀវកិត្តិយសរួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនាយករដ្ឋមន្រ្តីឡាវ វៀតណាម និងមីយ៉ាន់ម៉ា។ មហា សន្និបាតនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្តល់ជាវេទិកាពិភព​លោក មួយសម្រាប់ថ្នាក់ដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ រួមមាន ទេសាភិបាលធនាគារកណ្តាល និងរដ្ឋ មន្ត្រីហិរញ្ញវត្ថុ នៃប្រទេសជាសមាជិករបស់ IMF និង WB បានជួបជុំគ្នាពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម និងគោលនយោបាយដោះស្រាយសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច ព្រមទាំងផ្តល់ នូវព័ត៌មានពីកម្មវិធីគោលនយោបាយថ្មីៗរបស់ IMF និង WB ។ឯកឧត្តម ឯកឧត្តម ជា ចាន់តូ និងគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមក្នុងកិច្ច ពិភាក្សារវាងទេសាភិបាល ធនាគារកណ្តាល រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងនាយិកាគ្រប់គ្រង របស់មូលនិធិរូបិយវត្ថុអន្តជាតិ។ កិច្ចពិភាក្សានេះ បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្នុងវិស័យ​ហិរញ្ញវត្ថុអាស៊ាន និងតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្លាស់ប្តូរយោបល់ពីស្ថានភាព និង​បញ្ហាប្រឈមចំពោះសេដ្ឋកិច្ចអាស៊ាន ឥទ្ធិពលនៃហានិភ័យសេដ្ឋកិច្ចពិភពលោកមកលើតំបន់ និងវឌ្ឍនភាពនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ជាមួយគ្នានេះដែរ គណៈប្រតិភូធនាគារជាតិនៃកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំរបស់​ការិយាល័យអាស៊ីអាគ្នេយ៍ (SEAVG) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមានប្រទេសជា​សមាជិក​ចំនួន១២ប្រទេស។ កិច្ចប្រជុំបានលើកឡើងពីបញ្ហាប្រឈមចំពោះតំបន់ ជាពិសេស​សង្គ្រាមពាណិជ្ជកម្ម និងភាពរឹតត្បិតនៃស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយសារតែ​ប្រក្រតីកម្មគោលនយោបាយរបស់ធនាគារកណ្តាលក្នុងប្រទេសអភិវឌ្ឍន៍ ដូចជាសហរដ្ឋ​អាមេរិក។ សម្រាប់ជារួម ក្នុងរយៈពេលខ្លី សង្គ្រាមពាណិជ្ជកម្មអាចផ្តល់អត្ថប្រយោជន៍​ដល់​ប្រទេសក្នុងតំបន់ ដោយសារតែការបង្វែផលិតកម្មពីប្រទេសចិនមកក្នុងប្រទេសទាំងនេះ ដែល​នឹងជំរុញដល់ការនាំចេញ។ ទោះយ៉ាងណា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ត្រូវខិតខំប្រឹង​ប្រែងប្រកួតប្រជែងនឹងតំបន់ដទៃផងដែរ ដូចជាអឺរ៉ុប ជប៉ុន កូរ៉េ និងម៉ិកស៊ិក ជាដើម។
ក្រៅពីនេះ ភាពរឹតត្បិតនៃស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិនឹ ងអាចនាំឱ្យរូបិយវត្ថុ​តំបន់​ធ្លាក់ថ្លៃ និងដាក់សម្ពាធលើអត្រាការប្រាក់កម្ចីលើទីផ្សារហិរញ្ញវត្ថុតំបន់ ដែលអាចផ្តល់ ផលប៉ះពាល់ដល់សេដ្ឋកិច្ចតំបន់ផងដែរ។ ក្នុងស្ថានភាពនេះ អង្គប្រជុំបានលើកឡើងនូវគោល នយោបាយចម្បងបីសម្រាប់តំបន់ដើម្បីរក្សានិរន្តរភាពនៃកំណើនរួមមាន៖ ទី១-ការកសាង ទ្រនាប់​ និងការគាំទ្រកំណើនសក្តានុពល ទី២- ពង្រឹងភាពធន់វិស័យហិរញ្ញវត្ថុ និងទី៣-ការ​លើកកម្ពស់និងជំរុញប្រព័ន្ធពហុនីយកម្មលើពាណិជ្ជកម្ម ការដោះស្រាយអតុល្យភាពខាងក្រៅ និងការផ្លាស់ប្តូរអាកាសធាតុ និងពន្ធ។ដោយឡែកក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិ​នៃកម្ពុជា ក៏ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាថ្នាក់នយោបាយលើកិច្ចសហប្រតិបត្តិការ តំបន់ដើម្បីនវានុវត្តន៍ បរិយាប័ន្ន និងស្ថិរភាពនៅអាស៊ី។សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំនេះដែរ គណៈប្រតិភូធនាគារជាតិនៃកម្ពុជា បានជួប ជាមួយតំណាងនាយក​ដ្ឋានមូលធននិងរូបិយវត្ថុនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាលើ តម្រូវការជំនួយបច្ចេក ទេសសម្រាប់ធនាគារជាតិនៃកម្ពុជានាពេលខាងមុខ។ គណៈប្រតិភូ ក៏បានចូលរួមក្នុងកិច្ចប្រជុំនានាផងដែរ ជាពិសេសលើប្រធានបទ សង្គ្រាមពាណិជ្ជកម្ម បច្ចេក វិទ្យាហិរញ្ញវត្ថុ ប្រក្រតីកម្ម គោលនយោបាយរូបិយវត្ថុ បរិយាប័ន្នហិរញ្ញវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ របស់ស្ត្រីជាដើម៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ធនាគារជាតិនៃកម្ពុជា