ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រមណីយដ្ឋានសង់ពីដើមឬស្សីលើភ្នំហាន់ជ័យ បើកដំណើរការទទួលភ្ញៀវ ចាប់បើកថ្ងៃទី ១៥ តុលា

វិទ្យុជាតិកម្ពុជា:​ ដោយ​ ធីណា ឌីណេ:​

រមណីយដ្ឋានកែច្នៃពីដើមឬស្សីស្ទើរ ទាំងស្រុងនៅលើភ្នំហាន់ជ័យខេត្តកំពង់ចាម ដែលមានតម្លៃជាង៥០ម៉ឺន ដុល្លារអាមេរិក បើកអោយដំណើរការទទួលភ្ញៀវទេសចរ ពីថ្ងៃទី ១៥ តុលានេះតទៅ ។

លោក ឆន គឹមពិចេដ្ឋ អ្នកគ្រប់គ្រងទូទៅ នៃរមណីយដ្ឋាន ដែលមានសញ្ញាផ្កាឈូកបានប្រាប់ឲ្យដឹងថា រមណីយដ្ឋាននៅលើភ្នំហាន់ជ័យ ដែលមានឈ្មោះជាភាសាអង់គ្លេសHANCHEY BAMBOO-RESORT បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨នេះ ហើយនឹងបើកអោយភ្ញៀវចូលទស្សនានិងស្នាក់នៅ ចាប់ពីថ្ងៃទី ១៥ ខែតុលាតទៅ។

លោកបន្តថា រមណីយដ្ឋាននេះមានផ្តល់ សេវាកម្មតាមបែប ទេសចរណ៍ បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន សណ្ឋាគារ ជូនភ្ញៀវដែលមកកម្សាន្ត លំហែកាយ វិបស្សនា សមាធិ ដើម្បីព្យាបាលផ្លូវចិត្ត ដែលមានគ្រូពេទ្យផ្នែកជំនាញខាងចិត្តសាស្រ្តមកព្យាបាល។ លោកបានបន្តថា រមណីដ្ឋាននេះ បានបង្រៀនប្រជាពលរដ្ឋ ក្នុងសហគមន៍ជុំវិញតំបន់ភ្នំហាន់ជ័យ អោយក្លាយជាបុគ្គលិកបម្រើការ ក្នុងរមណីយដ្ឋាននេះតែម្តង ដើម្បីកាត់បន្ថយភាពគ្មានការងារធ្វើ និងជួយបង្កើនប្រាប់ចំណូល ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ។

លោក ស្រី ឌីរ៉ូ អាយុ ២៨ ឆ្នាំ ដែលបាននាំបងប្អូន និងមិត្តភក្តីចំនួនពីររថយន្ត ចូលទស្សនារមណីយដ្ឋាន HANCHEY BAMBOO-RESORT បានអោយដឹងថា រមណីយដ្ឋាននេះមានលក្ខណៈស្រស់ស្អាត មានខ្យល់ឱកាសល្អបរិសុទ្ធ ហើយធ្វើអោយមានអារម្មណ៍សប្បាយរីករាយ ភ្លេចអស់នូវទុក្ខកង្វល់ ពេលដែលបានទៅដល់តំបន់នេះ ។

លោក ថន វណ្តុង នាយកប្រតិបត្តិរបស់អង្គការសកម្មភាព ព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍សង្គម បានអោយដឹងដែរថា រមណីយដ្ឋានឬស្សី មានខ្យល់អាកាសបរិសុទ្ធ ភ្ញៀវអាចគយគន់ទេសភាព របស់ដងទន្លេមេគង្គ , ពិសេសមានការសាងសង់អគារពីដើមឬស្សី ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលបានរចនាចេញពីផ្កាឈូក។

លោកបានបញ្ជាក់ទៀតថា រមណីយដ្ឋាន HANCHEY BAMBOO-RESORT សាងសង់លើដី ទំហំ៥ហិកតា នៅជាប់រមណីយដ្ឋានប្រវត្តិសាស្រ្ត ភ្នំហាន់ជ័យខាងទឹកដីភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ និងមានចម្ងាយ ២៤ គីឡូម៉ែត្រពីក្រុងកំពង់ចាម។ ហើយរមណីយដ្ឋាននេះ សង់ពីដើមឬស្សី ដែលមានអាគារសរុបចំនួន១៥ គឺសង់ពីដើមឬស្សីស្រុក,ឬស្សីស្រុកចិន,និងឬស្សីពីងពង់ ក្នុងនោះ មានជាអគារបឹងគីឡូ, អគារទទួលភ្ញៀវ,ភោជនីយដ្ឋាន,អគារសមាធិ,អគារអន្តេវាសិក,អគារបុគ្គលិក,អគារធ្វើសរសៃ និងអាងហែលទឹកជាដើម។

សូមញ្ជាក់ថា រមណីយដ្ឋាន HANCHEY BAMBOO-RESORT បានបើកឲ្យដំណើរការសាកល្បងរយ:ពេលជិតមួយខែហើយ គឺមានភ្ញៀវមកចូលទស្សនា នៅតំបន់រម្មណីយដ្ឋាននេះជាហូហែរ ចាប់ពី១០០នាក់ ទៅ៣០០នាក់ក្នុងមួយថ្ងៃៗ៕