ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញ​ទស្សន​កិ​ច្ច និងចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពី ថ្ងៃទី០​៦ ​ដល់​ ថ្ងៃទី១០ ខែតុលា និងបន្តអញ្ជើញចូលរួមក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំ អាស៊ាន មូលនិធិរូ​បិ​យ​​វត្ថុអន្តរជាតិ និងធនាគារពិភពលោក ពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែតុលា នៅកោះបាលី សាធារ​ណ​រដ្ឋ​​​ឥណ្ឌូណេ​ស៊ី នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុ​ន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញ​ប្រ​ក​ប​ដោ​យសុវត្ថិភាពតាមជើងយន្តហោះពិសេស។


អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់ នៅព្រលានយន្តហោះអន្តរជា​តិ​​​ភ្នំពេញ មានវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ​ពារ​ជាតិ​ និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត។

នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេ​ស​ប៊ុ​ក នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោបានសរសេរថា ជាលទ្ធផលនៃកិច្ចប្រជុំ​ទាំង​២​ប្រ​ទេសនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះថ្នាក់ដឹកនាំមេគង្គ-ជប៉ុន និង​ថ្នា​ក់​ដឹក​នាំអាស៊ានបានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់សំដៅធ្វើឱ្យប្រសើរនូវកិច្ចសហប្រតិ​បត្តិ​កា​រ ជំរុញផែនការយុទ្ធសាស្ត្រថ្មីៗ បង្កើននូវការតភ្ជាប់ លើកកម្ពស់សុខុមាលភាពប្រជាជន ធ្វើ​យ៉ា​ងណាដើម្បីភាពរីកចម្រើនប្រទេសក្នុងតំបន់ និងពិភពលោក។


គួរបញ្ជាក់ដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈ​ប្រតិភូ​ចា​ក​ចេញពីកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨៕

ដោយ ជឹម ណារី