ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក

AKP ភ្នំពេញ​ ថ្ងៃ១២ ខែតុលា ឆ្នាំ២០១៨ — កិច្ចប្រជុំប្រចាំឆ្នាំ ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក (W​o​​rld Bank) បាន​ប្រារព្ធពិធីបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២ ខែតុលា នៅមជ្ឈមណ្ឌល​ស​ន្និ​សី​ទ​​បាលីនូសាឌួ តំបន់លំហែកាយ​មាត់​សមុទ្រ​កោះបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី។

 ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិ​រូ​បិ​យ​វត្ថុ​អន្តរជាតិ(IMF) និងធនាគារពិភព​លោក(World Bank) ត្រូវបានការអញ្ជើញចូលរួមពី ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាលអាស៊ាន អគ្គលេខា​ធិ​ការ​អង្គការ​សហ​ប្រជា​ជាតិ ប្រធានមូលនិធិរូបិយវត្ថុ​អន្ត​ជា​តិ ប្រធានធនាគារពិភពលោក និងមានការចូលរួមពីប្រតិភូ ប្រមាណ ៣ពាន់​៥០០នាក់ មក​ពី​១៨៩​ប្រទេស និងតំណាងផ្នែកឯកជន សហគមន៍ធនាគារ វិទ្យាស្ថានរាជ្យបណ្ឌិត្យសភា អង្គ​ការ​​​សង្គម​ស៊ីវិល សភាតំណាងរាស្រ្ត អ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១​ម៉ឺន​៥ពាន់នាក់។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច នៃប្រទេ​ស​ហ្វាំងឡង់ និងជាប្រធានកិច្ច​ប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុ​អន្តរជាតិ និងធនាគារពិភព​លោ​ក និងសុន្ទរកថាឯកឧត្តម យ៉ូកូ វីដូដូ ប្រធានាធិបតី នៃ សាធារណរដ្ឋឥណ្ឌូណេស៊ី បានធ្វើ​ការ​គូសបញ្ជាក់រួមគ្នាថា កិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ( IMF) និងធនា​គារ​ពិភពលោក (World Bank) គឺពិត​ជា​បាន​ចែករម្លែក នូវទស្សនវិស័យ ផ្ដល់បច្ចុប្បន្នភាព ស្ដី​អំ​ពីស្ថានភាព សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាការឆ្លុះបញ្ចាំងអំពី ទិសដៅអនាគត​សម្រា​ប់​អា​ស៊ា​ន ដើម្បីបង្ហាញពីភាពដឹកនាំ និង​កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក្នុង​ការ​គ្រ​ប់​គ្រងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។


តាម​រយៈ​កិច្ចសន្ទនានេះ អាស៊ាននិងស្ថា​ប័​ន​ពិភពលោក នឹងបង្កើតបានកិច្ចសហការ ប្រកបដោយប្រសិទ្ធភាព និងគ្រប់​ជ្រុង​ជ្រោយដើម្បី​សម្រេចបានសហគមន៍សេដ្ឋកិច្ច​អា​ស៊ាន​ឆ្នាំ២០២៥ និងរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅ​អភិ​វឌ្ឍ​ន៍​ប្រកប​ដោយចីរភាពសំដៅនាំមកនូវ ជោគជ័យលើ​ការ​កាត់បន្ថយគម្លាតនៃការអភិវឌ្ឍ និង​ធានាបានថា អត្ថប្រ​យោ​ជន៍ នៃសមាហរណកម្មសេដ្ឋកិច្ចសកល ត្រូវបាន​ចែក​រំលែកយ៉ាង​ទូ​លំទូលាយ។ ម្យ៉ាងវិញទៀតវេទិកាជំនួបថ្នាក់ដឹក​នាំ​អាស៊ាន បានបង្ហាញពីភាពជាអ្នកដឹកនាំ​របស់​អាស៊ាន និងកិច្ចសហប្រតិបត្តិការរឹងមាំ​​ នៅក្នុងការគ្រប់គ្រង​កំណើន​សេដ្ឋកិច្ច ដើម្បីធ្វើឱ្យ​ប្រ​សើរឡើងនូវវិបុលភាព និង​សមធម៌ ក៏ដូចជាការផ្តល់នូវការរីកចម្រើន ប្រកបដោយជវភាព ក្នុង​ការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយ​ចីរភាព ដែលបង្ហាញពីការប្តេជ្ញា​ចិត្ត​របស់​អា​ស៊ាន ក្នុងការគាំទ្រ​តួនាទីរបស់ IMF WB និង UN ក្នុងការដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ផង​ដែ​រ៕

ដោយ ជឹម ណារី