ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មការទី៨ នៃព្រឹទ្ធសភា ឈ្វេងយល់អំពីវិស័យសុខាភិបាល សង្គមកិច្ច និងអតីតយុទ្ធជន និងវិស័យការងារនៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភានីតិកាលទី៣ ជួបពិភាក្សាការងារស្វែងយល់អំពីវិស័យសុខាភិបាល, សង្គមកិច្ចនិងអតីតយុទ្ធជន និងវិស័យការងារនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ។


លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភាមានប្រសាសន៍ថា គោលបំណងសំខាន់នៃបេសកកម្មរបស់គណៈកម្មការទី៨ នៃព្រឹទ្ធសភា ដើម្បីឈ្វេងយល់ អំពីលទ្ធផលការងារដែលរដ្ឋបាលខេត្តព្រះសីហនុ សម្រេចបានទាក់ទងនឹងវិស័យមួយ ចំនួន ក្នុងនោះមានដូចជា៖ សុខាភិបាល សង្គមកិច្ចនិងអតីតយុទ្ធជន និងវិស័យការងារជាដើម។ ក្រៅពីវិស័យសំខាន់ខាងលើ និងផ្តោតសំខាន់ទៅលើបញ្ហាគ្រឿងញៀនខុសច្បាប់ការផ្សព្វ ផ្សាយគ្រឿងស្រវឹងផងដែរ ហើយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណ:ក៏ជាចំណុចសំខាន់ សម្រាប់ខេត្តទេសចរណ៍ សេដ្ឋកិច្ច។


លោកជុំទាវ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តព្រះសីហនុ បានខិតខំបំពេញការងារសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ម្យ៉ាងវិញទៀតធ្វើឱ្យខេត្តព្រះសីហនុ មានការប្រែមុខមាត់រីកចម្រើនអភិវឌ្ឍន៍យ៉ាងលឿន និងធ្វើឱ្យកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង គួរជាទីមោទនៈ បើទោះបីជាមានបញ្ហាប្រឈមខ្លះក្តី ក៏ប៉ុន្តែបញ្ហាវិជ្ជមានច្រើន។ ត្រូវយកចិត្ត ទុកដាក់លើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងមន្ទីរជំនាញ សហការគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យ ខេត្តទេសចរណ៍មួយនេះកាន់តែមានភាពល្អប្រសើរ។ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនគណៈប្រតិភូ ពីសក្តានុពលរបស់ខេត្ត មានការអភិវឌ្ឍលឿនស្ទើរ មិននឹកស្មានដល់ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងលឿនរយៈពេល២ឆ្នាំចុងក្រោយនេះ ក៏មានបញ្ហាប្រឈមមួយចំនួនខ្លះដែរ ដែលរដ្ឋបាលក្រុង ខេត្តដោះស្រាយបានទាន់ពេលវេលា រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការណ៍ពង្រឹងការគ្រប់គ្រង ដោះស្រាយ ដោយយកវិធានការច្បាប់ជាគោល ដើម្បីធានាដល់អ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ អន្តរជាតិ៕

ដោយ ងូ សុមុនី