ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម អូស្មាន ហាស្សាន់៖ កម្ពុជា-កូវ៉ែត នៅតែបន្ដ កិច្ចសហប្រតិបត្ដិការជាមួយគ្នាដ៏ល្អលើគ្រប់វិស័យ

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្ដមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា កម្ពុជា-កូវ៉ែត នៅតែបន្ដកិច្ច​សហប្រតិបត្ដិការជាមួយគ្នាដ៏ល្អលើគ្រប់វិស័យ ពិសេសប្រទេសកូវ៉ែតជួយផ្ដល់កិច្ចការងារ អភិវឌ្ឍន៍សហគមន៍ខ្មែរអ៊ិស្លាមឱ្យរីកចម្រើន។ 
ឯកឧត្ដមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បាន បញ្ជាក់បែបនេះ ក្នុងឱកាសដែលឯកឧត្តមទទួលជួប ឯកឧត្ដម Meteb AL-Osaimi ភារធារីស្ថានទូតកូវ៉ែតប្រចាំកម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ១១ ខែតុលា ឆ្នាំ២០១៨ នៅស្នាក់ការអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លីមកម្ពុជា។ ជំនួបនេះក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាព‌ និងសហប្រតិបត្តិការរវាងរដ្ឋាភិបាលកូវ៉ែតជាមួយថ្នាក់ដឹកនាំ និងសហគមន៍ខ្មែរអ៊ិស្លាម ឱ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក្នុងនាមរដ្ឋាភិបាល ហើយក៏ជាថ្នាក់ដឹក នាំអ៊ិស្លាមផងដែរនោះ បានសម្តែងនូវការកោតសរសើរ ជាខ្លាំងដល់រដ្ឋាភិបាលកូវ៉ែត ‌‌និងប្រជា ជនកូវ៉ែតតាមរយៈស្ថានទូតកូវ៉ែតប្រចាំកម្ពុជា ដែលបានវិនិយោគលើវិស័យមនុស្ស ធម៌ជាចម្បង ដើម្បីជួយទ្រទ្រង់សហគមន៍អ៊ិស្លាមកម្ពុជា ហើយកូវ៉ែតជាម្ចាស់ជំនួយឈរ លំដាប់ថ្នាក់ទី១ ក្នុងចំណោមប្រទេសនានា ជាម្ចាស់ជំនួយនៃតំបន់អារ៉ាប់។
ឯកឧត្ដមភារធារីភារធារីស្ថានទូតកូវ៉ែត បានលើកឡើងពីគោលជំហររបស់រដ្ឋា ភិបាលកូវ៉ែត គឺធ្វើយ៉ាងណានៅតែបន្តបន្ថែមជំនួយមកកម្ពុជាដោយសហការជាមួយ អង្គការដៃគូ ដើម្បីចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍លើគ្រប់វិស័យចាំបាច់នានាររបស់ សហគមន៍ ក៏ដូចជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្ដម ភារធារីក៏បានកោតសរសើរពីការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរដ្ឋា​ភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកសាងប្រទេសជាតិ ឱ្យមានការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ ពិសសមានសុខសន្ដិភាព ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ដគ្រប់ពេលវេលា។

ឯកឧត្ដមបានចាត់ទុកថា កម្ពុជាជាប្រទេសគំរូក្នុងតំបន់អាស៊ី‌‌ ដែលធ្វើសមាហរណកម្ម វិស័យអន្តរសាសនាឱ្យរួមរស់នៅជាមួយគ្នាដោយសេចក្តីសុខសន្តិភាព គ្មានការរើសអើង និង គ្រប់ជាតិសាសន៍អាចរួមរស់បំពេញការងាររួមគ្នាដោយសុខស្រួល។‌

ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានបង្ហាញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ហើយឯកឧត្តមក៏បានជំរុញភាគីកូ វ៉ែតយកចិត្តទុក ដាក់ផងដែរលើកិច្ចសហការវិនិយោគលើវិស័យផលិតផលហាឡាល់ ខណៈដែលថ្មីៗនេះ កាលពីខែកក្កដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាទើបតែចេញអនុក្រឹត្យស្តីពីការបង្កើត ស្ថាប័នហាឡាល់ ដោយមានក្រសួងពាណិជ្ជកម្មសហការជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ិស្លាមកម្ពុជា ជាអ្នកអនុវត្តន៍កិច្ចការងារនេះ។

ឯកឧត្ដម អូស្មាន ហាស្សាន់ បន្តថា ការវិនិយោគលើវិស័យហាឡាល់នេះ‌‌ មិនមែនសម្រាប់ផ្គត់ផ្គង់តែសហគមន៍ខ្មែរអ៊ិស្លាម និងផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះឡើយ ប៉ុន្តែវាជាតម្រូវការចាំបាច់របស់អតិថិ ជនជាទូទៅហើយក៏ក្នុងគោលបំណងផ្គត់ផ្គង់ទៅ កាន់ទីផ្សារពិភពលោក ជាពិសេសបណ្តាប្រទេសអ៊ិស្លាមក្នុងតំបន់អារ៉ាប់ផងដែរ៕

ដោយ សួស សំរិត