ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម គួច​ ចំរើន​ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលការបាក់ច្រាំងទន្លេក្នុងក្រុងកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — នៅព្រឹកថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០១៨​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញពាក់ ព័ន្ធចុះពិនិត្យមើលការបាក់ច្រាំងទន្លេត្រង់ចំណុចស្ពានគល់កោះប៉ែន​ ដែលបណ្តាលឱ្យ ខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ និងចុះពិនិត្យមើលរបាំងច្រាំងទន្លេត្រង់ចំណុចកំពង់រង់ចាំ ដែលស្រុត និងប្រេះជើងច្រាំងដើម្បីពិនិត្យមើល​ និងសិក្សាជួសជុលឡើងវិញ។

នៅក្នុងឱកាសចុះពិនិត្យផ្ទាល់នោះដែរ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ ក៏បានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើល និងសិក្សាឱ្យបានហ្មតចត់ ច្សាស់លាស់ដើម្បីលើកគម្រោងធ្វើការជួសជុលឡើងវិញនៅរដូវទឹកស្រក។

ឯកឧត្ដម​ គួច​ ចំរើន បានលើកឡើង និងសំណូពរចំពោះប្រជាពលរដ្ឋ ពិសេសអ្នក រស់នៅ នៅតាមជួរមាត់ទន្លមុននឹងសម្រេចសាងសង់អ្វីមួយត្រូវគិតពីហានិភ័យដែលរងគ្រោះ ដោយធម្មជាតិដោយជំនន់ទឹកទន្លេ ហើយត្រូវសិក្សាឱ្យល្អិតល្អន់ជាមុនសិន ដើម្បីបញ្ចៀស គ្រោះថ្នាក់និងខាតបង់ប្រាក់កក់ជាដើម។

ឯកឧត្ដម គួច​ ចំរើន ​បានស្នើដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចូលរួម សហការគ្នាសិក្សារកដំណោះស្រាយគ្រប់មធ្យោបាយធ្វើយ៉ាងណាស្តារ និងកសាងឡើងវិញដោយកុំឱ្យមានរងផលប៉ះពាល់បន្ទាប់ពីទឹកជំនន់ស្រកទៅវិញ៕

ដោយ ឆាយ ម៉ុត