ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមបាល់ទះវិសាខាកម្ពុជា និងវិសាខាថៃប្រកួតមិត្តភាពបង្កើនចំណងសាមគ្គីភាព និងគុណភាពបច្ចេកទេស

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨​ — ក្រុមបាល់ទះវិសាខាកម្ពុជាបានប្រកួតចាញ់ក្រុមវិសាខាថៃ ក្នុងលទ្ធផល២សិតទល់៣សិត នៅក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅ កីឡដ្ឋាន​បាល់ទះវិសាខា ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលដៅបង្កើនមិត្តភាព សាមគ្គីភាព និង បង្កើនគុណភាពបច្ចេកទេសឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ 

គ្រូបង្វឹកក្លិបបាល់ទះវិសាខាកម្ពុជា លោក សាន សុក្រិត បានឱ្យដឹងថា ការប្រកួតនៅពេលនេះ កូនក្រុមលេងមិនសូវបានល្អ ដោយខូចពេលចេញសេវា ចាប់សេវា និងបាំងរនាំង ដែល​ចំណុចខ្វះខាតទាំងបីចំណុចនេះ យើងនឹងខិតខំហ្វឹកហាត់បន្ថែមទៀត។ លោកបានបន្ដថា តាមរយៈការប្រកួតនេះយើងទទួលបានបទពិសោធន៍យ៉ាងច្រើន ជាពិសេសនៅប្រកួតនេះ លោកបានប្រើ​​ប្រាស់យុវជនច្រើន គឺដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគាត់ឱ្យបានកាន់តែ ប្រសើរ ពីព្រោះលោកចង់ឱ្យពួកគាត់ជួបជាមួយកីឡាករខ្លាំងៗ។

លោកបានអះអាងអាងថា ចាប់ពីឆ្នាំ២០១៩តទៅរហូតដល់ ឆ្នាំ២០២៣ គឺលោក​នឹង​ខិតខំបណ្តុះថ្នាលយុវជនទាំងនេះឱ្យបានកាន់តែល្អ ដោយយុវជន៥នាក់ នឹងអាចបូក​បញ្ជូល ជាមួយក្រុមកីឡាករឈុតធំដើម្បីត្រៀមខ្លួន ក្នុងការឈានទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ជាមួយគ្នានេះ គោលដៅនៃការប្រកួតមិត្តភាពអន្តរជាតិនេះធ្វើឡើង ដើម្បីផ្លាល់ប្តូរបទ ពិសោធន៍ និងកម្រិតបច្ចេកទេស ឱ្យកាន់តែខ្ពស់ក្នុងការឈានទៅរកភាពឱ្យកាន់តែខ្លាំង នាពេលខាងមុខ និងរឹតបន្តឹងចំណងសាមគ្គីភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ តាម​រយៈវិស័យកីឡាជាពិសេសជំរុញ និងលើកទឹកចិត្តកីឡាករទាំងអស់ ឱ្យកាន់តែមាន ជឿជាក់ លើកសមត្ថភាពខ្លួនឯង។

សូមបញ្ជាក់ថា ក្នុងឱកាសការប្រកួតមិត្តភាពអន្តរជាតិនេះឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជាបានអញ្ជើញចូលរួមទស្សនា និងលើកទឹកចិត្តដល់កីឡាករទាំងអស់ ផងដែរ៕

ដោយ ហេង ណាលីន