ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសតាមបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤

វិទ្យុជាតិកម្ពុជា:​ ដោយ​ ប៉ុង សុភាវី :

មន្រ្តីរាជរដ្ឋាភិបាលបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសតាមបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ដែលជាកត្តាងាយស្រួលសម្រាប់អ្នកវិនិយោគគិនបរទេស ក្នុងការមកវិនិយោគនៅកម្ពុជា ។

ថ្លែងក្នុងសន្និសីទ ក្រោមប្រធានបទ ឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយតាមសហគមន៍នៅសណ្ឋាគារ សុខាភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានមានប្រសាសន៍ថា បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គឺផ្តោតសំខាន់ខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ ធានាឲ្យបាននូវទស្សនទានវិនិយោគប្រកបដោយប្រសិទ្ធិភាព។ ឯឧ.រដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ការរៀបចំទម្រង់បែបបទថ្មី ដើម្បីឱ្យកម្ពុជាឈានទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងប្រព័ន្ធការពារទិន្នន័យ សម្រាប់ក្រុមហ៊ុន សហគ្រាស និងការធ្វើអាជីវកម្មផ្សេងៗកាន់តែមានទំនុកចិត្ដខ្ពស់។

ឯឧ.រដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាជាប្រទេសមានច្បាប់ពាណិជ្ជកម្ម ហើយបើកទូលាយនឹងផ្តល់ឪកាស ដល់វិយោគិនបរទេស ក្នុងការបោះទុនវិនិយោគ១០០ភាគ ដោយពុំចំាបាច់មានអ្នកចូលរួមក្នុងស្រុកក៏បាន ។ លើសពីនេះទៅទៀតចំពោះ ប្រាក់ចំណេញ ក្នុងការបង្វិល និងពង្រីកអាជីវកម្ម មិនមានការយកពន្ធ ដែលបង្កលក្ខណៈងាយស្រួលក្នុងការមកវិនិយោគ។ ឯឧ.បន្ថែមថា ការមកវិនិយោគកាន់តែច្រើនគឺបានផ្តល់ឪកាសការងារជូនប្រជាជនផងដែរ ដែលកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធិភាព។

លោកក្លេតុន ប្រធានក្រុមហ៊ុន ហ្គូជី សឺឈី វិនហ៊ួ អែត វើថាយស៊ីង បានអោយដឹងថា ក្រុមហ៊ុននឹងបំពេញនៅ៣ចំនុច ដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍឧស្សាហកម្ម៤.០ ដោយ ទី១ ការជួយបណ្តុះបណ្តាលធនធានមនុស្ស នៅកម្ពុជា ទី២ ការរៀបចំជើងទំរ ផ្លាតហ្វម ដើម្បីជាឧស្សាហកម្ម៤.០ និង ទី៣ ការប្រើប្រាស់ រូបមន្តប្លុកឆេងដែលរូមមន្តសំខាន់។

សូមបញ្ជាក់ថា ការអនុវត្តបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០កម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសឧស្សាហកម្ម ស្របតាមយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ៕