ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ម្ចាស់មេដាយប្រាក់ម៉ូតូទឹកជើងឯកពិភពលោក សាលី អ៊ូមើត វិលត្រឡប់មកដល់មាតុ ប្រទេសវិញ

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — ម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៨ កីឡាករ សាលី អ៊ូមើត ពេលនេះ បានយកឈ្នះមេដាយប្រាក់១គ្រឿងពីព្រឹត្តិការណ៍កីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក Blowsion World Final ឆ្នាំ២០១៨ នៅទីក្រុង Lake Havasu រដ្ឋ Arizona សហរដ្ឋអាមេរិក ដោយបានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងបន្តចូលរួមក្នុងសន្និសីទ សារព័ត៌មាន នៅពហុកីឡដ្ឋានជាតិ។ 
ម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ២នៃជើងឯកពិភពលោក សាលី អ៊ូមើត និយាយថា ខ្លួនបាន ចំណាយពេលជាង១សប្ដាហ៍ នៅសហរដ្ឋអាមេរិក ដោយប្រកួតលើ៣វិញ្ញាសា រួមមានវិញ្ញាសា Ski Modified, M Pro Ski Stock និងវិញ្ញាសា Expert Limited។ ជាលទ្ធផលចុងក្រោយ កីឡាករ​ម៉ូតូទឹកជម្រើសជាតិកម្ពុជារូបនេះដណ្ដើមបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាSki Modified ដែលជាវិញ្ញាសា អ៊ូមើត ទើបដណ្ដើមបានមេដាយមាស ជូនជាតិពីការប្រកួតកីឡា Asian Games កាលពីកន្លងទៅថ្មីៗនេះដែរ។ មេដាយប្រាក់នេះធ្វើឱ្យ សាលី អ៊ូមើត មិនសូវ​រីករាយប៉ុន្មានឡើយ ពីព្រោះខ្លួនមិនអាចសម្រេចបំណងដណ្ដើមមេដាយមាសជូនជាតិបាន។ការប្រកួតកីឡាម៉ូតូទឹក blowsion World Final ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិកនេះ បានធ្វើ ឡើងរយៈពេល១សប្តាហ៍ កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ដោយមានអត្តពលិកម៉ូតូទឹកមកពី៦៣ប្រទេស។
ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អះអាងថា យោងតាមប្រកាសអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ប្រាក់រង្វាន់សម្រាប់ ជើងឯកពិភពលោកនេះ គឺមេដាយមាស មានប្រាក់រង្វាន់ចំនួន២០លានរៀល, មេដាយប្រាក់​ចំនួន១៦លានរៀល និងមេដាយសំរឹទ្ធិ១៣លានរៀល។ ដូច្នេះកីឡាករ សាលី អ៊ូមើត ដែល​ឈ្នះ​ជាប់លេខ២ ពីជើងឯកពិភពលោកនេះទទួលបានប្រាក់រង្វាន់ របស់រាជរដ្ឋាភិបាលនូវទឹក​ប្រាក់ចំនួន១៦លានរៀល ដែលនឹងធ្វើពិធីប្រគល់ និងទទួលនាពេលខាងមុខ៕

ដោយ ហេង ណាលីន