ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរ​ បកស្រាយជុំវិញការដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ការសម្រេចចចិត្ត ជា​ផ្លូវការរបស់គណៈកម្មាធិការសហភាពអឺរ៉ុបក្នុងការបើកការស៊ើបអង្កេត និងត្រួតពិនិត្យមក លើប្រទេសកម្ពុជាពុំទាន់បានធ្វើនៅឡើយទេ គឺគ្រាន់តែត្រៀមរៀបចំដើម្បីធ្វើការសម្រេចចិត្ត ដែលនឹងអាចកើតឡើងនាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

ប៉ុន្ដែវាគ្រាន់តែជាការ​ត្រៀមរៀបចំនូវ ដំណើរ​ការមួយដែលមានរយៈពេលយូរគួរសម។ នេះបើយោងតាមការពន្យល់របស់លោក​ កាំង​ ម៉ូនីកា​ អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលើបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

លោក​ កាំង​ ម៉ូនីកា​ បានបញ្ជាក់ថា​ ខណៈពេលនេះ គ្មាននរណាម្នាក់អាចដឹងច្បាស់​អំពី​លទ្ធផលថាតើវានឹងទៅជាយ៉ាងណានោះទេ ហើយថាតើវានឹងនាំទៅដល់ការព្យួរទាំងស្រុង ឬព្យួរផ្នែកខ្លះ ឬក៏គ្មានការព្យួរនោះទេ។ ចំពោះការយល់ឃើញទាំងឡាយអំពីលទ្ធផល នៃ ដំណើរការ នេះគឺជាការប៉ាន់ស្មានសុទ្ធសាធ។

លោក​បានបន្តថា​ ចំពោះមុខនេះ យើងមានការបារម្ភចំពោះការផ្សាយព័ត៌មានបែបប៉ាន់ស្មាន ដែលនាំទៅដល់ការថយចុះនូវទំនុកចិត្តពីសំណាក់អ្នកបញ្ជាទិញ និងអ្នកវិនិយោគទូទៅ ខណៈ ដែលស្ថានភាពជាក់ស្តែងអាចមានលក្ខណៈធូរស្រាលជាង។ លោក​បានលើកឡើងថា​ “យើងមានពេលវេលាជាងមួយឆ្នាំ ហើយឱកាសនៅតែមានសម្រាប់ភាគីទាំងពីរដើម្បីបើកកិច្ច សន្ទនាគ្នាប្រកបដោយអត្ថន័យនិងផ្លែផ្កា ដោយការគោរពគ្នាទៅវិញទៅមកដែលនឹងឈាន ទៅដល់ដំណោះស្រាយដ៏ប្រសើរមួយ”។

លោកបានបន្ថែមថា ចំពោះវិស័យកាត់ដេរនិងស្បែក ជើង លោកគិតថានឹងអាចមានភាគរយខ្ពស់ក្នុងការចៀសផុត ពីការដកភាពអនុគ្រោះផ្នែក ពាណិជ្ជកម្មដោយការពិតថាកម្ពុជាធ្វើបានល្អចំពោះការកែលម្អលើកកម្ពស់លក្ខខណ្ឌការងារ និងការគោរពសិទ្ធិកម្មករ និងសហជីពដោយអនុលោមទៅតាមច្បាប់ជាតិ បទដ្ឋានការងារ និងអនុសញ្ញាស្នូលរបស់អន្តរជាតិ។ “យើងបានជួយស្ត្រីក្រីក្ររាប់សែនលាននាក់និងគ្រួសាររបស់គេឱ្យងើបផុតពីភាពក្រីក្រ ហើយ យើងគិតថាសហភាពអឺរ៉ុបមិនចង់ឱ្យពួកគេត្រឡប់ទៅកាន់ភាពក្រីក្រដូចអតីតកាលនោះទេ”។ នេះបើតាមការគូសបញ្ជាក់របស់លោក​ កាំង​ ម៉ូនីកា៕

ដោយ ចាន់ សុធីវង្ស