ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈប្រតិភូសភាជាន់ខ្ពស់សភាកម្ពុជាទៅចូលរួមមហាសន្និបាត សហភាពអន្តរសភានៅប្រទេសស្វ៊ីស

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — តបតាមការអញ្ជើញរបស់លោកជំទាវ ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU) គណៈប្រតិភូសភាជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញទៅចូលរួមមហា សន្និបាតសហភាពអន្តរសភា(IPU) លើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា សហភាព អន្តរសភា (IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ ដែលមានសភាមកពីប្រទេសនានា ជុំវិញពិភព លោកចំនួន១៧៣ ជាសមាជិកចូលរួម។ ក្នុងមហាសន្និបាតនេះលោកជំទាវប្រធាន គណៈប្រតិភូសភាកម្ពុជានឹងឡើងថ្លែងសន្ទរកថា ស្តីអំពី “ភាពជាអ្នកដឹកនាំស​ភា​ក្នុងការ លើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ នាយុគ្គសម័យនវានុវត្តន៍ និងបំលាស់ប្តូរបច្ចេក វិទ្យាទៅកាន់មហាសន្និបាត”។

ជាមួយគ្នានេះ គណៈប្រតិភូសភាកម្ពុជា នឹងចូលរួមកិច្ចប្រជុំ ជាច្រើននៅក្នុងនោះមាន កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ របស់ (IPU) ដើម្បីអនុម័ត សេចក្តីស្នើរបៀបវារៈបន្ទាន់ លើបញ្ហារសើបមួយចំនួនរបស់សកលលោក ការបោះឆ្នោតជ្រើស រើសសមា​ជិកគណៈកម្មាធិការប្រតិបត្តិរបស់ IPU ការចូលរួមផ្តល់អ​នុ​​សាសន៍អំពីសិទ្ធិមនុស្ស ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ IPU និងការអនុម័តប្រតិទិនការងារសម្រាប់មហាសន្និបាត IPU លើកទី១៤០ ​នៅទីក្រុងBuenos Aires ប្រទេស​អាហ្សង់ទីន។

ក្រៅពីនេះគណៈប្រតិភូសភាកម្ពុជា ក៏នឹងចូលរួមបណ្តាកិច្ចប្រជុំសំខាន់ៗមួយចំនួន ទៀត ដែលមានដូចជា កិច្ចប្រជុំអាស៊ានបូក៣ កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៊ី (APA) កិច្ចប្រជុំភូមិសាស្ត្រតំបន់អាស៊ី-ប៉ាស៊ីហ្វិក(APG) កិច្ចប្រជុំវេទិកាសមាជិកសភាស្ត្រី កិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេង IPU និងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ទាំង៤ របស់ IPU ស្តីពីសន្តិភាព-សន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព-ហិរញ្ញវត្ថុ-ពាណិជ្ជកម្ម ប្រជាធិបតេយ្យ-សិទ្ធិមនុស្ស និងកិច្ចការអង្គការសហប្រជាជាតិផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឃួន សុដារី និងសមាជិកគណៈប្រតិភូក៏គ្រោង ពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ ហ្គាប្រីទ្យា គូវ៉ាស បារ៉ុន ប្រធានសហភាពអន្តរ សភា (IPU) ផងដែរ៕

ដោយ ប៉ាល់ សុង