ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះពុទ្ធបដិមារជិត១០០០អង្គ គ្រោងនឹងរៀបចំដាក់ឱ្យប្រជាពលរដ្ឋគោរពបូជា នៅអភិរក្សដ្ឋានអង្គរខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី១២ ខែតុលា ឆ្នំា២០១៨ — មន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអះអាងថា ព្រះពុទ្ធបដិមារជិតមួយពាន់អង្គ ដែល បានរក្សាទុកជិត១០០ឆ្នាំក្នុងអភិរក្សដ្ឋានអង្គរខេត្ដសៀមរាប គ្រោងនឹងរៀបចំដាក់ឱ្យប្រជា ពលរដ្ឋគោរពបូជា និងសិស្សនិស្សិតឈ្វេងយល់ពីវត្ថុបុរាណនៅក្នុងកន្លែង នោះនាពេលឆាប់ៗ ខាងមុខនេះ។ 
លោក ឆាន់ ចំរើន អនុប្រធានការិយាល័យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួល បន្ទុកកន្លែង អភិរក្សវត្ថុបុរាណនៅអភិរក្សដ្ឋានអង្គរខេត្ដសៀមរាបបានឱ្យកាលពីម្សិលមិញនេះ ថា ព្រះពុទ្ធបដិមារជិត១០០០អង្គ ដែលបានរក្សាទុកជិត១០០ឆ្នាំមុននៅ អភិរក្សដ្ឋាន អង្គរ និងត្រូវរៀបចំឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិគោរពបូជានៅទីនោះ នាពេលឆាប់ៗខាងមុខនេះ។

លោកបានបន្ដថា ព្រះបដិមារទាំងនោះ ធ្វើឡើងជាច្រើនសម័យកាល រូមមានសម័យ មុនអង្គរ នៅសតវត្សរ៍ទី១១ និងដល់សតវត្សរ៍ទី១៩។ ជាមួយគ្នានោះ ក៏នឹងត្រូវរៀបចំដាក់ តាមសម័យកាលនីមួយៗនៅក្នុងឃ្លាំងលេខ៥ ក្នុងអភិរក្សដ្ឋានអង្គរ ខេត្ដសៀមរាប។ លោក បានបន្ដថា ការចូលគោរពបូជារបស់ប្រជាពលរដ្ឋមិនតម្រូវ ឱ្យមានការ បង់ប្រាក់ ឬពេលវេលា នោះទេ យុវជនខ្មែរក៏អាចសិក្សាឈ្វេងយល់ នៅទីនោះផងដែរ។ លោកបានបន្ដថា ពុទ្ធបដិមារជិត១០០០អង្គនោះ បានយកមកពីតាមប្រាសាទបុរាណផ្សេងៗ ជាពិសេស ប្រាសាទអង្គរវត្ដ។លោក ឆាន់ ចំរើន ក៏បានអំពាវដល់ពលរដ្ឋដែលមានឱកាសមកកាន់ខេត្ដសៀមរាប កុំភ្លេចចូលបន់ស្រន់ និងគោរពបូជាព្រះពុទ្ធនៅកន្លែងអភិរក្សដ្ឋានអង្គរ ព្រោះវត្ថុបុរាណមាន បារមីពូកែស័ក្ដិសិទ្ធិ គឺមាននៅទីនោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈក៏បានបើកឱ្យសាធារណជន និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ចូលទស្សនារូបចម្លាក់ បុរាណនៅកន្លែងអភិរក្សដ្ឋានអង្គរ ខេត្ដសៀមរាប ដើម្បីអបអរថ្ងៃប្រារព្ធខួបបេតិកភណ្ឌអឺរ៉ុប និងដើម្បីឱ្យពលរដ្ឋខ្មែរស្គាល់ពីបេតិកភណ្ឌជាតិរបស់ខ្លួន។ ជាពិសេសយុវជនខ្មែរបានសិក្សា និងឈ្វេងយល់អំពីបេតិកភណ្ឌជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខំប្រមូលការពារ និងថែរក្សាសុវត្ថិភាពវត្ថុសិល្បៈក្នុងឃ្លាំងអភិរក្សដ្ឋានអង្គរ រហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ន នេះនៅក្នុងអភិរក្សដ្ឋានអង្គរមានវត្ថុបុរាណដែលប្រមូលមកពីបណ្តា ខេត្តទាំងអស់នៅទូទាំង ប្រទេសយកមករក្សាទុកនៅទីនេះមានប្រមាណជិត១ម៉ឺនវត្ថុបុរាណ។ ក្នុងនោះមានចម្លាក់ថ្ម និងចម្លាក់ឈើជាដើម៕

ដោយ ឃុត សៅ