ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តបន្ទាយមានជ័យប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប៦ឆ្នាំ

AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — នាព្រឹកថ្ងៃសុក្រ​ ៣កើត​ ខែអស្សុជ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​១២​ ខែតុលា​ ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ​បានរៀបចំប្រារព្ធ​ពិធី​​គោរព​ដួង​ព្រះ​​វិញ្ញាណ​ក្ខ​ន្ធ ថ្វាយ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ គម្រប់​ខួប ៦​ឆ្នាំ ​​ ​ ក្រោមវត្តមាន​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ស្តីទី​ ឯកឧត្ដម​ ខេង​ ស៊ុំ​ សមាជិកក្រុមប្រឹក្សាខេត្ត​ និង​មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ ជាន់​​​ ថ្នាក់មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ​ព្រះសង្ឃ​ តាជីយាយ​ ជីសិស្សានុសិស្ស​ ​យ៉ាងច្រើនកុះករ​ ​នៅសាលាប្រជុំសាលាខេត្ត​។​ការប្រារព្ធពិធី​នេះបានឡើងដោយមានការ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត បង្សុកូលតាមបែប​ព្រះពុទ្ធសាសនា​ជាតិខ្មែរ​ ដើម្បី​ឧទ្ទិស​ព្រះរាជ​កុសល​ថ្វាយ​ព្រះករុណា​ព្រះ បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម​សីហនុ ព្រះមហាក្សត្រ ព្រះ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ។ ​​​​ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​ស្តីទីខេត្តបន្ទាយមានជ័យ មានប្រសាសន៍​​ថា ក្នុងនាម មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្ស និស្សិត ប្រជាពលរដ្ឋជាកូនចៅ ចៅទួតទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ សូមចូលរួមក្នុងភាពក្រៀមក្រំលំឱន​កាយវាចា ចិត្តគោរពព្រះវិញ្ញាណក្ខន្ធ ​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ​ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត និងចងចាំ ជានិច្ចនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាល របស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បី បុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដែលបានធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនោះហើយមាន ឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិរហូតដល់​សព្វថ្ងៃនេះ។


​​ ឯកឧត្តមបន្តទៀតថា ថ្វីបើព្រះរូប ព្រះកាយរបស់ព្រះអង្គ យាងទៅកាន់បរលោក​ទៅហើយក្តី ប៉ុន្តែព្រះរាជលំអានព្រះវីរៈគំរូដ៏ឆ្នើមក្នុងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់​អង្គសម្តេចឪជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចកាលក្នុងមនសិការនិងឆន្ទៈរបស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាដែលជាកូនចៅ​ចៅទួតមិនអាចបំភ្លេចបានឡើយ​។


សូមបញ្ជាក់ថា ព្រះ​បរម​រតន​កោដ្ឋ ​ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត នៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​៕

ដោយ ឈុន សារ៉ាត
​ ​