ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេដឹកនាំអ៊ីស្រាអែលព្រមានក្រុមហាម៉ាស់បន្ទាប់ពីកម្ទេចចោលរូងក្រោមដីនៅហ្គាហ្សា

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ( Benjamin Natanyahu ) កាលពីថ្ងៃ ព្រហស្បតិ៍នេះ បានព្រមានក្រុមហាម៉ាស់កុំឱ្យសាកល្បងអ៊ីស្រាអែល បន្ទាប់ពីការកម្ទេចរូងក្រោមដីមួយ របស់ក្រុមហាម៉ាស់ ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍កងកម្លាំងការពារអ៊ីស្រាអែល ( IDE) បានប្រកាសថា ខ្លួនបានបំផ្លាញ ចោលរូងក្រោមដីមួយដែលឆ្លងកាត់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលពីហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយ ចលនាហាម៉ាស់អ៊ីស្លាម ។

លោក នេតាន់យ៉ាហ៊ូ បាននិយាយថា វាគ្មានប្រយោជន៍ដល់ពួកគេក្នុងការសាកល្បងយើងនោះទេ ដោយនិយាយបន្ថែមថា អ៊ីស្រាអែលកំពុងបំផ្លាញចោលជាប្រព័ន្ធសមត្ថភាពជីករូងក្រោមដី របស់ក្រុម ហាម៉ាស់ ។

លោកនាយករដ្ឋមន្ត្រី បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចមួយដោយជិះនៅលើនាវាពិឃាត ប្រដាប់មីស៊ីលបញ្ជាពីចម្ងាយ Amerisn USS Ross ដែលចតនៅឯកំពង់ផែ Ashdod ក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ។ នេះជាលើកដំបូងហើយ សម្រាប់នាវាពិឃាតអាម៉េរិកមួយគ្រឿង ដែលធ្វើទស្សនកិច្ចកំពុងផែ Ashdod ក្នុងពេល១៩ឆ្នាំ ។

លោក នេតាន់យ៉ាហ៊ូ បាននិយាយថា សម្ព័ន្ធភាពរវាងអ៊ីស្រាអែល និង ស.រ.អា ខ្លាំងបំផុតក្នុងវិស័យសន្តិសុខ ។ លោកបាននិយាយបន្ថែមថា យើងបានតាំងចិត្តធ្វើសកម្មភាពដើម្បីការពារខ្លួនយើងប្រឆាំងនឹងការបង្កើតវត្តមានយោធាអ៊ីរ៉ង់នៅទីនោះ ។ ដោយនិយាយយោងទៅរកការវាយប្រហារថ្មីៗនេះ លើទាហាននិងពួកជនស៊ីវិលអ៊ីស្រាអែលនៅ វែសបែងនោះ លោក នេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលបានតាំងចិត្តធ្វើសកម្មភាពប្រឆាំងភេរវកម្ម គ្រប់ទីកន្លែងទាំងអស់ ដើម្បីស្វែងរកឱ្យឃើញពួកឃាតករ ។

លោកបាននិយាយថា យើងនឹងធ្វើប្រតិបត្តិកការនៅទូទាំងតំបន់នេះ, ស៊ីរី, ហ្គាហ្សា នឹងកន្លែងដទៃទៀតជាច្រើន ដែលរឿងនេះខ្ញុំនឹងមិននិយាយឱ្យបានល្អិតល្អន់នោះទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)