ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ៊ីរ៉ង់ទទូចដល់អ៊ីរ៉ាក់ឱ្យការពារក្រុមភេរវជនកុំឱ្យចូលមកជិតព្រំដែនខ្លួន

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ទូរទស្សន៍ Press TV រាយការណ៍ពីថ្ងៃព្រហស្បតិ៍ថា មេបញ្ជាការយោធាកំពូលអ៊ីរ៉ង់បានទទូចដល់ រដ្ឋាភិបាលអ៊ីរ៉ាក់ និងពួកអាជ្ញាធរតំបន់ឃឺដឌីស្ថានពាក់កណ្តាលស្វ័យតរបស់ប្រទេសអ៊ីរ៉ាក់ឱ្យការពារកុំឱ្យក្រុមភេរវជនចូលមកជិតព្រំដែនខាងលិចរបស់អ៊ីរ៉ង់ ។

តាមសេចក្តីរាយការណ៍នោះឱ្យដឹងថា ឧត្តមសេនិយទោ មូហាម៉ាដ បាកេរី ( Mohammad Baqeri ) នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បាននិយាយថា សន្តិសុខរបស់ប្រទេសនឹងបង្កើតបានជា « ខ្សែបន្ទាត់ក្រហម » មួយសម្រាប់កងកម្លាំងប្រដាប់អាវុធ ។

លោ​ក បាកេរី បានព្រមានក្រុមប្រឆាំងបដិវត្តន៍ ប្រឆាំងនឹងការប៉ុនប៉ង់ណាមួយ ដើម្បីធ្វើឱ្យសាធារណរដ្ឋអ៊ីស្លាមនេះមានអសន្តិសុខ ។ លោក បាកេរី បាននិយាយថា មូលដ្ឋាននៃកងកម្លាំងប្រឆាំងនឹងបដិវត្តន៍ ព្រមទាំងពួកអ្នកមានបំណងអាក្រក់ចំពោះប្រទេសអ៊ីរ៉ង់ មិនគប្បីមាននៅក្បែរព្រំដែនរបស់យើងក្នុងបណ្តារដ្ឋដែលនៅជិតខាងនោះទេ ។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកណ្តាលអ៊ីរ៉ាក់ និងតំបន់ឃឺដឌីស្ថាន ពាក់កណ្តាលស្វ័យតរបស់អ៊ីរ៉ាក់មានភារកិច្ចដាក់ក្រុមបែបនេះឱ្យស្ថិតនៅក្រោមការត្រួតត្រា ។

លោក បាកេរី បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងទស្សនកិច្ចមួយទៅកាន់ប៉ុស្តិ៍ជួរមុខព្រំដែននៅក្នុងខេត្ត Kermansha នៅភាគខាងលិច ។ កាលពីថ្ងៃទី៩ ខែកញ្ញា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ( IRGC ) បានប្រកាសថា ខ្លួនបានបើកការ វាយប្រហារដោយមីស៊ីលទៅលើទីស្នាក់ការ២ របស់គណបក្សប្រជាធិបតេយ្យឃឺដឌីស្ថាន អ៊ីរ៉ង់នៅក្បែរទីក្រុង Kwisanjaq ក្នុងតំបន់ពាក់កណ្តាលស្វ័យតឃឺដឌីស្ថានអ៊ីរ៉ាក់ ។

សេចក្តីថ្លែងការណ៍ IRGC បាននិយាយថា ការវាយប្រហារនោះបានផ្តោតទៅលើមូលដ្ឋានដែលប្រើសម្រាប់ធ្វើការបង្ហាត់បង្រៀនក្រុមភេរវជនប្រឆាំងអ៊ីរ៉ង់ ដែលក្នុងការវាយប្រហារនោះ ពួកភេរវជនដល់​ទៅ១៤នាក់បានស្លាប់ និង៣៩នាក់ទៀតរបួស ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )