ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្សពីរនាក់ស្លាប់នៅពេលភ្លៀងយ៉ាងខ្លាំងវាយប្រហារប្រទេសបារាំងភាគអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — ពួកអាជ្ញាធរថ្នាក់តំបន់បានប្រកាសពីថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់២នាក់ បាន ស្លាប់នៅពេលដែលភ្លៀង និងទឹកជំនន់យ៉ាងខ្លាំងបានវាយប្រហារប្រទេសបារាំងភាគអាគ្នេយ៍ កាលពីយប់ ថ្ងៃពុធ ។

គេបាននិយាយបន្ថែមថា សាកសពពីរនាក់ត្រូវបានគេប្រទះឃើញនៅក្នុងរថយន្តមួយគ្រឿង ដែលទឹកជំនន់យ៉ាងខ្លាំងបានហូរនាំយកទៅនៅ Sainte-Maxime ហើយអាណាខេត្ត Var បានបញ្ជាក់អះអាងថា ពិតចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនេះ ។ ជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

តាមអាណាខេត្តនោះឱ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះបានដំណើរការទៅហើយ ដើម្បីស្វែងរក រថយន្ត៤គ្រឿងទៀត ដែលហ៊ុំព័ទ្ធដោយទឹកដែលកើនឡើងនៅក្នុងសហគមន៍ភាគអាគ្នេយ៍នេះ ។ វានៅមិនទាន់ច្បាស់នៅឡើយទេថា តើពួកអ្នកដំណើរបានជិះនៅលើរថយន្តនោះដែរឬយ៉ាងណានោះ ។

ភ្លៀងយ៉ាងខ្លាំងបានវាយប្រហារប្រទេសបារាំងភាគអាគ្នេយ៍ កាលពីយប់ថ្ងៃពុធជាមួយនឹងទឹកភ្លៀង ដែលគេរាយការណ៍ថា មានកម្ពស់ ២១០មិលី្លម៉ែត្រនៅ Sainte-Maxime និង១២៩មិលី្លម៉ែត្រ នៅArcs ដែលបង្កឱ្យមានការជម្លៀសមនុស្ស៧៥០នាក់ ចេញពីកន្លែងបោះជំរំពីរនៅ Frejus ។ សកម្មភាពកីឡាត្រូវបានគេផ្អាកផងដែរនៅក្នុងតំបន់ ដែលមានជាប់ពាក់ព័ន្ធ ។

ពួកអ្នកជួយសង្គ្រោះប្រហែល១៤០នាក់បានទៅដល់កន្លែងនោះ ដើម្បីរុករកពួកអ្នកនៅរស់ ព្រមទាំងជួយដល់ប្រជាជនដែលមានការប៉ះពាល់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)