ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក គីម និងលោក ពូទីន ឆ្លងឆ្លើយគ្នាតាមរយៈសារ​លិខិត ដើម្បីប្រារព្ធខួបលើកទី៧០ឆ្នាំ​ នៃចំណងទាក់ទងទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង​បានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុង-អ៊ុន​ និងប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន​ បានផ្លាស់ប្តូរ​គ្នាតាមសារលិខិត​ទៅវិញទៅមក ដើម្បីប្រារព្ធខួបលើកទី៧០​នៃការបង្កើតចំណងការទូត​ទ្វេភាគី។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើង​(KCNA) បានលើកយកនូវ​អត្ថបទ​ចំនួនពីរដាច់ដោយឡែកពីគ្នា មកបង្ហាញនៅក្នុងសេចក្តីផ្តើមចំណងជើងនៃសារលិខិត​នោះ ដែលបានសង្កត់ធ្ងន់លើភាពជាដៃគូប្រកបដោយការស្ថាបនា រវាងទីក្រុងព្យុងយ៉ាង និង​ទីក្រុងមូស្គូ។

នៅក្នុងសាររបស់លោក គីម​ លោកគីម បាននិយាយថា ទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី ត្រូវបានអភិវឌ្ឍន៍ដែលផ្អែកទៅលើគោលការណ៍ នៃការជឿទុកចិត្តគ្នាទៅវិញទៅមក ជាអ្នក​ជិត​ខាងមួយដ៏ល្អ ព្រមទាំងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក​ ហើយដែលថា ប្រពៃណី​ទាំងនេះ ត្រូវបានគេយកមកអនុវត្តបន្ត​នៅក្នុងប្រទេសថ្មីៗទៀត។

នៅក្នុងសារនេះបានសង្កត់ធ្ងន់ផងដែរថា ទំនាក់ទំនងទាំងនេះ អាចនឹងបន្តអភិវឌ្ឍន៍​ជាប្រចាំ និងប្រកបដោយការស្ថាបនា​ស្របទៅតាមតម្រូវការនៃសម័យថ្មី និងទាក់ទាញការ​ចាប់អារម្មណ៍​ពីប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

នៅក្នុងសារលិខិតរបស់លោក ពូទីន បានគូសបញ្ជាក់ផងដែរ ពីការបន្តកិច្ចអភិវឌ្ឍន៍នៃ​ទំនាក់ទំនងទ្វេភាគី។ លោក ពូទីន​ បាននិយាយនៅក្នុងសារនោះថា សម្រាប់រយៈពេលប៉ុន្មាន​ទសវត្ស​កន្លងមកនេះ សហព័ន្ធរុស្ស៊ី និងកូរ៉េខាងជើង​ បានទទួលនូវបទពិសោធន៍ជាច្រើន​នៅក្នុងមេរៀននៃកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា នៅក្នុងវិស័យសំខាន់ៗនានា។

លោក ពូទីន បាននិយាយនៅក្នុងសារនោះថា ទាំងនេះដោយគ្មានការសង្ស័យ អនុលោម​ទៅតាមផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងស្ថាបនាដើម្បីពង្រឹង​សន្តិសុខ និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងនៅទូទាំងតំបន់អាស៊ីភាគឦសាន ។​

ការផ្លាស់ប្តូរសារគ្នាទៅវិញទៅមកនេះ បានធ្វើឡើងខណៈពេលដែលកូរ៉េខាងជើង បាន​នឹងកំពុងស្វែងរកការគាំទ្រពីប្រទេសរុស្ស៊ី ក្នុងគោលបំណងបន្តកិច្ចចរចាពីការធ្វើមិនឱ្យមាន​នុយក្លេអ៊ែរ ជាមួយ សហរដ្ឋអាមេរិកនោះ៕​

( ប្រភព យន់ហាប់៖ បកប្រែដោយ លោក មាស សំអុល )