ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍ចុះកិច្ចព្រមព្រៀមជាមួយ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ

AKP ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ –តាមប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នៅមជ្ឈមណ្ឌល  សន្និបាត និងពិព័រណ៍កោះពេជ្រ បានប្រារព្ធពិធីសម្ពោធបើកពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ (Cambodia Travel Mart 2018) ក្រសួងទេសចរណ៍បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ «លើការប្រកួតប្រជែងថតរូប» ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកិច្ចព្រមព្រៀមនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក លឹម កៅ អគ្គនាយករង ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ។

កម្មវិធីនេះត្រូវបានដាក់ឱ្យប្រកួតប្រជែងដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា។ គោលបំណងចម្បងនៃកម្មវិធីប្រកួតប្រជែងថតរូបរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air Photo Contest) គឺផ្ដោតសំខាន់លើប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល ដើម្បីស្វែងរកអ្វីដែលអស្ចារ្យ និងពុំធ្លាប់មានពីមុនមក។

រង្វាន់សម្រាប់អ្នកឈ្នះនៅក្នុងកម្មវិធីប្រកួតប្រជែងថតរូបរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ដែលមានទឹកប្រាក់សរុប ៣.៦០០ដុល្លារអាម៉េរិក។ ក្រៅពីការផ្សព្វផ្សាយវិស័យទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ ក៏មានគោលបំណងចង់បង្ហាញពីសមត្ថភាពពិសេសរបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ នៅស្ដង់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ អ្នកមកទស្សនាក៏អាចទិញសំបុត្រយន្តហោះក្នុងតម្លៃពិសេសចំពោះគោលដៅមួយចំនួន ដែលក្រុមហ៊ុនបានកំណត់ បូករួមទាំងតម្លៃសំបុត្រហោះហើរក្នុងប្រទេស និងការហោះហើរក្រៅប្រទេស រីឯអ្នកមកទស្សនាក៏មានឱកាសទិញវត្ថុអនុស្សាវរីយ៍ និងកាដូ ក៏ដូចជាអាចទស្សនារបាំអប្សរា និងលេងហ្គេមកម្សាន្តផងដែរ។ ចំពោះអតិថិជនដែលបានទិញវត្ថុអនុស្សាវរីយ៍ និងកាដូ មានសិទ្ធិចូលរួមចាប់ឆ្នោតពីក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ (ជាថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០១៨នេះ)។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ គឺជាព្រឹត្តិ ការណ៍ទី២ ប្រចាំឆ្នាំ ដែលនាំមកនូវការតាំងបង្ហាញពាណិជ្ជកម្មផ្សេងៗនៅក្នុងវិស័យដឹកជញ្ជូន បដិសណ្ឋារកិច្ច និងភ្នាក់ងារផ្សេងៗ ដើម្បីជំរុញវិស័យទេសចរណ៍ ក្នុង និងក្រៅប្រទេសកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីបណ្ដាអ្នកដាក់តាំងបង្ហាញជាង ១០០ស្តង់ដែលរំពឹងថានឹងមានអ្នកទស្សនារាប់ពាន់នាក់។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិ នៃកម្ពុជាតែមួយគត់ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អ៊ែរ ត្រូវបានប្រសិទ្ធនាមដោយក្រសួងទេសចរណ៍ថា ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅកម្ពុជា សម្រាប់ឆ្នាំ២០១២ ឆ្នាំ២០១៤ និងឆ្នាំ២០១៨។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបម្រើសេវាកម្មហោះហើរក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលដៅយុទ្ធសាស្ត្រនៅក្នុងប្រទេសវៀតណាម និងប្រទេសចិន៕

ដោយ ទូច វលក្ខណ៍