ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងសំណូមពរអោយសម្ដេចតេជោ​ ហ៊ុន​ សែន​នាយករដ្ឋមន្រ្តីទៅបំពេញទស្សនៈកិច្ច​

វិទ្យុជាតិកម្ពុជា:​ ដោយ​ លោក​ ចនណារិទ្ធ:​

​ សាធារណរដ្ឋករ៉េ:​ មន្ត្រីស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ​ បានអោយដឹងថា​ កាលពីថ្ងៃអង្គារ៍ ទី០៩ ខែតុលា គ.ស២០១៨ ត្រូវជាថ្ងៃភ្ជុំធំ ស្ថានឯកអគ្គរាជទូតកម្ពុជា បានរៀបចំកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង២០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅមជ្ឍមណ្ឌលគាំពារពលករបរទេស។

​ ក្នុងវេទិការសំណេះសំណាល លោក មាជ ចាន់ដារ៉ារ័ត្ន តំណាងពលករមកពីទីក្រុងឆាំងវ៉ុន បានស្នើសុំទៅកាន់រដ្ឋមន្រ្តីក្រសួងបរិស្ថាន សូមឱ្យជួយនាំសំណូមពររបស់ខ្លួនស្នើសុំសម្ដេចតេជោនាយករដ្ឋមន្រ្តីដើម្បីមកបំពេញទស្សនៈកិច្ចនៅកូរ៉េខាងត្បូងតាមពេលវេលាសមស្របណាមួយ ដើម្បីបានជួបសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សា ក្នុងជីវភាពល្អប្រសើរនៅសាធារណរដ្ឋកូរ៉េ ដែលមានប្រមាណជិត ៦ម៉ឺននាក់។

​ ឆ្លើយតបនឹងសំណូមពរនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក សាយ សំអាល់ សន្យានឹងនាំយកសំណូមពរនេះទៅជម្រាបជូនសម្ដេចតេជោ។

​ ឯកឧត្តម​ រដ្ឋមន្រ្តីបានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ សូមបន្ដយកចិត្តទុកដាក់លើកិច្ចការងារ ប្រឹងប្រែងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងរៀនបន្ថែមនូវភាសារបរទេស ដោយហេតុតែកម្ពុជាបច្ចុប្បន្នកំពុងមានតម្រូវការលើធនធានមនុស្សផ្នែកបច្ចេកទេសជាច្រើនក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស៕