ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ ដើម្បីត្រៀមរៀបចំ សម្រាប់កម្មវិធីសម្ពោធវិមាន ឈ្នះឈ្នះនៅចុងឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ​ឆ្នាំ២០១៨ –ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ តំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ដើម្បីធ្វើការឈូសឆាយ ដាក់លូ កែលម្អនឹងត្រៀមរៀបចំតុបតែងដាក់ភ្លើងព សម្រាប់ថ្ងសម្ពោធ វិមានឈ្នះឈ្នះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ក្នុងដំណើរចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅល្ងាចថ្ងៃព្រហស្បតិ៍២កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង បានធ្វើការនែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវពន្លឿនការងារសម្អាតបរិស្ថានដែលនៅជុំវិញវិមានឈ្នះឈ្នះ ។

ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំដូច្នេះ គឺដើម្បីកែលម្អសោភណភាព និងមានភាពងាយស្រួលក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ  ហើយកម្មវិធីសម្ពោធវិមានឈ្នះឈ្នះ នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ។ ជាមួយគ្នានេះដែរឯកឧត្ដម ក៏បាននែនាំឱ្យមន្ទីរសុខាភិបាលរាជធានី ត្រូវដាក់រថយន្ដសង្គ្រោះ ២កន្លែង ដែលមានរថយន្តចំនួន២០គ្រឿង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីសម្ពោធនេះ

ឯកឧត្តមអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ក្រៅពីការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ សាលារាជធានីភ្នំពេញ នឹងរៀបចំតុបតែងតាំងភ្លើងព អគ្គិសនីបំភ្លឺនៅតាមដង មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦A នឹងបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនា នូវសមិទ្ធផលនានា ដែលបានទទួលបានជោគជ័យ និងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងការអភិវឌ្ឍកចម្រើនលើគ្រប់វិស័យ

     លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរនឹងរៀបចំដាក់ភ្លើងអគ្គិសនីបំភ្លឺតាមដើមឈើ(ចាន់គិរី)ទាំងអស់នៅតាមបណ្តោយផ្លូវ រៀបចំដាក់ប្រព័ន្ធលូចម្ងាយប្រមាណ៥០០ម៉ែត្រ និងឆ្លាក់អក្សរលើផ្ទាំងសិលាចារឹកថា វិថីវិមានឈ្នះឈ្នះ ដាក់នៅដងផ្លូវ។ ចំពោះការងារនេះ មន្ទីរសាធារណការបានធ្វើរួចរាលខ្លះហើយ ដូចជាការដាក់លូជាដើម។

ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ទិវានយោបាយឈ្នះឈ្នះ។ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែនធ្វើ ឱ្យយើងទទួលបានសន្តិភាព ដែលបង្កើតឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។ ឯកឧត្តមបន្ថែមថា វិមានឈ្នះឈ្នះនេះ គឺបានរៀប ចំក្បាច់ចម្លាក់ ស្តីពីទិវាចងចាំឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងចម្លាក់ដំណើរជាតិកម្ពុជានាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមានឈ្នះឈ្នះ

     សូមបញ្ជាក់ថា  វិមានឈ្នះឈ្នះចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅលើផ្ទៃដីទំហំ ១៥ហិកតា មានកម្ពស់ ៥៤ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

ដោយសួស សំរិត