ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ាន គឺជាប្លុកតំបន់មួយដែលមានការរីកចម្រើនឆាប់រហ័ស

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ​– ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាន គឺជាប្លុកមួយដែលមានការរីកចម្រើនឆាប់រហ័ស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម ដែលជាសេដ្ឋកិច្ចធំបំផុតទី៦ លើពិភពលោក ជាមួយនឹងប្រជាជនប្រមាណ៦៤០​លា​ននាក់ និងជាកម្លាំងរុញច្រានសំខាន់មួយ សម្រាប់ពាណិជ្ជកម្ម និងកំណើនពិភពលោក។

ថ្លែងនៅក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយ​វត្ថុអន្តរ​ជា​តិ និងធនាគារពិភពលោក ក្រោមប្រធានបទ៖ ការសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកប​ដោ​យ​ចីរ​ភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ តាមរយៈសកម្មភាពសហប្រតិបត្តិការតំបន់ និង​ស​ក​​ល នៅបាលី សាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទស្សនវិស័យអនាគតសម្រាប់អាស៊ានមានសុខភាពល្អប្រសើរ ដោយ​យើ​ង​បានកំណត់ថា នឹងសម្រេចឱ្យបានកំណើនលើស ៥ភាគរយ ក្នុងឆ្នាំនេះ និង លើសពី ៥ភាគរយ នៅ​ឆ្នាំក្រោយ ក្នុងរយៈពេលមធ្យមខាងមុខ។ សម្ដេចតេជោបានបញ្ជាក់ថា ជាការពិត នៅក្នុងនេះ ក៏មានប្រទេសមួយចំនួនស​ម្រេ​ចបានកំណើនខ្ពស់លើស ពីមធ្យមផង ដែរ រួមបញ្ចូលនូវកម្ពុជាដែល​កំពុងមានកំណើន​លើ​ស​​​ពី ៧ភាគរយ ក្នុងមួយឆ្នាំ។ សម្ដេច តេជោបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតអាទិភាព​ខ្ពស់​ទៅ​លើ ការកែទម្រង់ដើម្បី​ជំរុញកំណើនប្រកបដោយបរិយាប័ន្ន តាមរយៈការពន្លឿន​ការ​កែទម្រង់រចនាសម្ព័ន្ធ ចាំបាច់ នានា ដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញការធ្វិពិពិធកម្ម រួមមាន ការកាត់បន្ថយចំណាយ ថាមពល ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងការ​ដោះ​​ស្រាយគម្លាតជំនាញ តាម រយៈការកែលម្អគុណភាពអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយការបង្កើន ការវិនិយោគលើយុវជន ដើម្បីចាប់យកឱកាសពីឧត្ដមភា​ពប្រជា​សា​ស្ត្រ និងរក្សាបាន កម្លាំងពលកម្មធៀបនឹងប្រជាជនទូទៅ ក្នុងកម្រិត ៦៧ភាគរយ ដល់ឆ្នាំ២០៣០។ ជាមួយគ្នា នេះ ការកែតម្រូវគោលនយោបាយសារពើពន្ធ ដើម្បីគាំទ្របរិយាប័ន្នឱ្យកាន់តែ​ប្រ​សើរ ដោយ ផ្លាស់ប្ដូរទៅរកប្រភពអ្នកមានចំណូលកាន់តែខ្ពស់ ស្របគ្នានឹងរក្សា​បាននូវ​លម្ហរថវិ​កា ដើម្បី បង្កើនចំណាយលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខភាព និងការអប់រំ។ សម្ដេចតេជោ បានបន្ថែមថា រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាព ដោយផ្ដោត​លើការ​ព​ង្រី​កកា​លានុវត្តភាពសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍ ប្រកប ដោយចីរភាព តាមរយៈការកែ​លម្អ​ហេដ្ឋា​រចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅ តាមទីជនបទ ការកែលម្អលទ្ធផល​សុខ​ភាព និងការអប់រំ និងការបង្កើនផលិតភាពខ្ពស់ក្នុង វិស័យកសិកម្ម។ ទន្ទឹមនេះ ដើម្បីចាប់​យក​ស​ក្ដានុពលពីការកើឡើងនៃការប្រើប្រាស់បច្ចេវិទ្យា ហិរញ្ញវត្ថុរាជរដ្ឋាភិបាលកំពុងតែគិតគូរ និងរៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធហិរញ្ញវត្ថុបន្ថែម ព្រមទាំង បង្កើនអក្ខរភាពហិរញ្ញវត្ថុ ដែលនឹងជួយពង្រឹង​ប​រិយា​​ប័ន្នហិរញ្ញវត្ថុ។ កម្ពុជា បាននិងកំពុងកំពុង ធ្វើមូលដ្ឋានីយកម្មពេញ​លេញនូវគោដៅ​អភិ​វឌ្ឍន៍សកល មកជាគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៃកម្ពុជា ដែលគ្រោងនឹងអនុម័តនៅ​ដំណាច់ឆ្នាំ២០១៨នេះ។ បន្ថែមពីនេះទៀត ការកែលម្អថែមទៀតនូវបរិយាកាសធុរកិច្ច តាមរយៈការអ​នុ​វ​ត្ត​​វិ​ធា​នការមុតស្រួច សំដៅ សម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច សម្រួល​កា​​រ​​​បង្កើត និងធ្វើធុរកិច្ច ព្រមទាំងបង្កើនការវិនិយោគ និងឥណទានលើការអភិវឌ្ឍន៍ និងស្រា​វ​ជ្រា​វ ដើម្បីគាំទ្រដល់ ការបង្កើតការងារនិងជំរុញកំណើនអាជីកម្មធុនតូច និងមធ្យមក្នុង​ស្រុ​ក​។គួរបញ្ជាក់ដែរថា នៅក្នុងវេទិកានៃជំនួបកំពូលរបស់មេដឹកនាំអាស៊ាន ដែលមាន​ការ​ចូល​រួមពី ឯ​ក​​ឧត្តម​អគ្គ​លេខាធិការអាស៊ាននិងឯកឧត្តមអគ្គលេខាធិការអង្គការ​សហប្រ​ជា​ជា​តិ ក៏បានអញ្ជើញ​ថ្លែង​សុន្ទរកថា ស្តីអំពីបច្ចុប្បន្នភាពនិងទស្សនវិស័យ របស់ប្រទេសនិ​មួយៗ​។ ឯកឧត្តមប្រធា​នា​​ធិប​តីឥណ្ឌូណេ​ស៊ី យ៉ូកូ វីដូដូ បានផ្តូចផ្តើមគំនិត និងអញ្ជើញបណ្តាមេដឹកនាំ អា​​ស៊ាន រួម​ទាំង​អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចូល​រួម​នៅក្នុង​ការ​ជួប​ជុំដឹកនាំអាស៊ាន (ASEAN Leaders Gathering-ALG) ស្របពេលនឹងពិធី​បើក​​កិច្ច​ប្រ​ជុំ​ប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុពិភពលោក(IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ។ គោល​បំ​ណង​នៃ វេទិកា​ជំនួប​ថ្នាក់​ដឹក​នាំអាស៊ាននៅពេលនេះ មានគោលបំណងបង្ហាញ​ពីសាមគ្គីភាព​របស់​អា​ស៊ា​ន ទៅកាន់១៨៩ប្រទេស ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់មូល​និធិ​​រូ​បិយ​​វត្ថុ​ពិភពលោក និង​ធនាគារពិភពលោក ដែលនឹងក្លាយជាឱកាសដ៏ល្អមួយ ក្នុងការ​ចែក​រំលែក​បទ​ពិសោធន៍ជោគជ័យរបស់ខ្លួន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ពិសេសទៅ​ទៀត​នោះ​ វេទិកា​នៃ​​ជំនួប​ថ្នាក់ដឹកនាំកំពូល​អា​ស៊ាន ASEAN Leaders Gathering-ALG មានគោល​ដៅរក្សា​ភាព​ជា​ដៃគូរឹងមាំ ក្នុង​ចំ​ណោមថ្នាក់ដឹកនាំអា​ស៊ាន ក្នុងការគ្រប់គ្រងចាត់ចែងកំណើន​សេ​ដ្ឋ​កិច្ច សំ​ដៅ​ធ្វើឱ្យប្រសើរឡើង​នូវ​វឌ្ឍន​ភាព សម​ភាព ព្រមទាំងសម្រេចបាននូវគោល​ដៅ​អភិ​វឌ្ឍន៍ ប្រ​ក​ប​ដោយ​ចីរភាព (​SDGs​)៕

ដោយ ជឹម ណារី