ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រូបង្វឹកកម្ពុជា និងទីម័រខាងកើតសុទ្ធតែរំពឹងជ័យជម្នះក្នុងជំនួបមិត្តភាពអន្តរជាតិ នាល្ងាចថ្ងៃស្អែកនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix Agustin Gonzalez Dalmas និងលោក Norio Tsukitate គ្រូងបង្គោលជនជាតិជប៉ុនក្រុមបាល់ទាត់ជម្រើស ជាតិទីម័រខាងកើត បាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះដោយបាន​បង្ហាញនូវក្តីរំពឹងពីជ័យជម្នះរៀងៗខ្លួន សម្រាប់ជំនួបមិត្តភាពអន្តរជាតិ នាវេលាម៉ោង ៦និង ៣០​នាទីល្ងាច ថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៨ នៅកីឡដ្ឋានជាតិ។លោក Felix Agustin Gonzalez Dalmas បានបញ្ជាក់ថា ជាមួយនឹងការត្រៀមប្រកួតលើកនេះ​យើងបានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ក្លាដល់កូនក្រុមរបស់ខ្លួនជាមួយនឹងការជ្រើសរើស​កីឡាករថ្មីៗ មួយចំនួនបញ្ចូលក្នុងក្រុម ខណៈតួនាទីរបស់កីឡាករគឺប្រហាក់​ប្រហែលគ្នាដូច​កាលពីពេលមុនៗដែរ ប៉ុន្តែខុស គ្នាត្រង់ការផ្តល់ឱកាសដល់កីឡាករនូវរបៀបថ្មីមួយ ដើម្បី បង្កើនកម្រិតគុណភាពបច្ចេកទេស ឱ្យកាន់តែរឹងមាំ។ គ្រូបង្វឹករូបនេះអះអាងថា នៅក្នុងផែន ការ ប្រមូលផ្តុំហ្វឹកហាត់នេះយើង មិនត្រូវការត្រឹម២៣នាក់នោះទេ ប៉ុន្តែលោកត្រូវការ កីឡាករ ជម្រើសជាតិពី២៨នាក់ ទៅ២៩នាក់ សម្រាប់ផែនការរយៈពេល២ឆ្នាំខាងមុខ។លោកFelixបាន បន្ថែមថា គោលដៅនៃការ ប្រកួតមិត្តភាព អន្តរជាតិ ជាច្រើនប្រកួតនេះ គឺដើម្បីការប្រកួតពាន​រង្វាន់ AFF Suzuki Cup ឆ្នាំ២០១៨ នាខែវិច្ឆិកាខាងមុខ។ ប៉ុន្តែនេះគឺជា ជំហានថ្មីមួយសម្រាប់ ​ក្រុម​ជម្រើសជាតិកម្ពុជា ដែលយើងនៅតែត្រូវការពេលវេលាជាច្រើនទៀត ដើម្បីពង្រឹងគុណ​ភាពបច្ចេកទេស។ចំណែក លោក Norio Tsukitate គ្រូបង្វឹកជម្រើសជាតិទីម័រខាងកើត បានថ្លែងដែរថា បន្ទាប់ពី ក្រុមរបស់លោកបានឈ្នះវគ្គជម្រុះបឋមជាមួយព្រុយណេ សម្រាប់ AFF Suzuki Cup កន្លងទៅថ្មីៗនេះ លោកគិតថា កូនក្រុមរបស់ខ្លួនបានឈ្វេងយល់យ៉ាង ច្រើនពីអ្វីដែលលោក​ចង់បាន និងកលល្បិចបាល់ទាត់ក្នុងការប្រកួតមិត្តភាពជាមួយកម្ពុជា នាល្ងាចថ្ងៃស្អែក ក៏ដូចជាពានរង្វាន់ AFF Suzuki Cup នាពេលខាងមុខ។ លោកសង្ឃឹមថា ក្រុម របស់លោក​នឹងធ្វើបានល្អ និងធ្វើឱ្យមានការទាក់ទាញកាន់តែខ្លាំងឡើង៕

ដោយ ហេង ណាលីន