ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម យន្ត មីន ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ចុះសម្អាតបរិស្ថានតាមតំបន់ឆ្នេរ

AKP ព្រះសីហនុ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ និងឯកឧត្តម ប៉ុល សា រឿន ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួម សម្អាតអនាម័យបរិស្ថាននៅតាមបណ្តោយឆ្នេរអូរឈើទាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។


ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកម្ទេចកំប្លោក និងសំរាម និងឫសរុក្ខជាតិមួយចំនួន បានរសាត់ អណ្តែត លើផ្ទៃសមុទ្រ មកទើលើឆ្នេរនានា ក្នុងខេត្តព្រះសីហនុមានដូចជា ឆ្នេរអូរឈើទាល ឆ្នេររាម និងនៅឆ្នេរកោះរ៉ុងជាដើម ពិសេសតំបន់មាត់សមុទ្រ មានឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ។

ឯកឧត្តមបានបន្តថា កំប្លោក និងឫសរុក្ខជាតិនានា បានរសាត់មកពីសមុទ្រ ប្រទេសជិតខាង មកទើរនៅឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ បញ្ហានេះក្រុមការងាររដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កំពុងចូលរួមសម្អាតបរិស្ថានតាមបណ្តោយឆ្នេរក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើឱ្យប្រសើរឡើង វិញរក្សាបាននូវគុណភាពទឹកសមុទ្រ ឬឆ្នេរខ្សាច់ជៀសវាងការបាត់ បង់នូវសោភណភាព និងស្តារបរិស្ថាននៅតាមឆ្នេរឡើងវិញ។

ឯកឧត្តមម យន្ត មីន ក៏បានអំពាវនាវដល់អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋប្រកប អាជីវកម្មនៅតាមតំបន់ឆ្នេរ ចូលរួមសម្អាតស្រង់កំប្លោក និងឫសរុក្ខជាតិនានាឱ្យបានស្អាតនៅ តាមទីតាំងរបស់ខ្លួន ដើម្បីធានាបរិស្ថានក្នុងការ ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត។

សកម្មភាពនេះ យើងនឹងបន្តចូលរួមសម្អាតបរិស្ថាននៅតាមបណ្តោយឆ្នេរនានា ក្នុង ខេត្តព្រះសីហនុបន្តទៀត ដើម្បីធានាជាទីក្រុងស្អាត បរិស្ថានល្អ និងជាតារារះនាទិសនិរតី និងក៏ជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់នៃព្រះរាជាណាក្រកម្ពុជា៕

ដោយ ងូ សុមុនី