ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ អន្តរជាតិកម្ពុជាប្រចាំ២០១៨ មានក្រុមហ៊ុនចំនួន៥០០ និងប្រទេសជាង៨០ ចូលរួម

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិកម្ពុជា ឆ្នាំ២០១៨ បានប្រកាសបើកជាផ្លូវការ នៅកម្ពុជាដោយមានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន៥០០ក្រុមហ៊ុន មានស្តង់១៧៣ស្តង់ មកពី៨០ប្រទេស ជុំវិញពិភពលោក និងមានស្ថាប័នទេសចរណ៍ជាតិ អន្ដរជាតិមកពីតំបន់​អាស៊ាន អាស៊ានបូក៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមផងដែរ។

ក្នុងពិធីបើកសម្ពោធជាផ្លូវការ ពិព័រណ៍ទេសចរណ៍អន្តរជាតិ កម្ពុជា ២០១៨ កាលពី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានលើកឡើងថា ព្រឹត្តិការណ៍នេះ បង្ហាញថាកម្ពុជាពិតជា​គោល ដៅទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ និងក្រៅពីការទស្សនាលំហែកម្សាន្ដ អាចជា គោលដៅ សម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិ។

ឯកឧត្តមបាន បន្ដថា នេះគឺ​បានបង្ហាញឱ្យឃើញថា ព្រឹត្តិការណ៍ពិព័រណ៍ ពិព័រណ៍​ទេសចរណ៍អន្តរជាតិ កម្ពុជា២០១៨នេះ គឺជាវេទិកាធុរកិច្ចទេសចរណ៍ដ៏មានសារៈសំខាន់​ក្នុងការជំរុញផ្សព្វផ្សាយ លក់កញ្ចប់​ទស្សន​កិច្ច ក៏ដូចជាការជួបជុំគ្នា រវាងអ្នកទិញ និងអ្នកលក់ អ្នកជំនាញទេសចរណ៍​ធ្វើការរួមគ្នា ដើម្បី​ធ្វើបច្ចុប្បន្នភាពព័ត៌មាន លើការធ្វើដំណើរទេសចរចែករំលែកបទពិសោធន៍ នានា ក្នុងអាជីវកម្ម​ទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នា ដើម្បីអភិវឌ្ឍន៍វិស័យ ទេសចរណ៍នៅក្នុងតំបន់​ឱ្យកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្ដី​បានបន្ដ ទៀតថា ក្នុងរយៈ​ពេល៨ខែឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៣.៩ លាននាក់ កើន១១.៧ភាគរយ។ ទន្ទឹមនេះ កម្ពុជាក៏រំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ​ចំនួន៦.២លាននាក់ នៅក្នុងឆ្នាំ២០១៨នេះ និងនៅឆ្នាំ២០២០ ជាង៧លាននាក់ នៅឆ្នាំ២០២៥​ ​ប្រមាណ ១០លាននាក់ និងឆ្នាំ២០៣០ប្រមាណ១៥លាននាក់។ ឯកឧត្តមបានបន្ថែមទៀតថា តាមរយៈ​ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី២ ឆ្នាំ២០១៨នេះ គោលដៅទេស ចរណ៍កម្ពុជា នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយលើទីផ្សារអន្តរជាតិ និងអាចទាក់ ទាញ​​ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា និងតំបន់កាន់តែច្រើនបន្ថែមទៀត នៅពេល ខាងមុខ។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និង សំណង់បានមានប្រសាសន៍ថា វិស័យទេសចរណ៍បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ក៏ដូចជាបានជំរុញឱ្យប្រជាជនជុំវិញផែនដីផ្សាភ្ជាប់ទំនាក់ ទំនងគ្នា តាមរយៈការធ្វើដំណើរទស្សនាតំបន់ទេសចរ ដែលបង្កើតជាភាពស្និទ្ធស្នាល សាមគ្គី ភាព​និងស្វែងយល់ពីគ្នាទៅវិញទៅមកពីវប្បធម៌ចម្រុះជាតិសាសន៍ជុំវិញពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេស ចរណ៍​ជាវិស័យអាទិភាពមួយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានចូលរួមកាត់បន្ថយ ភាព ក្រីក្រ​យ៉ាងមានប្រសិទ្ធភាព។ សម្រាប់វិស័យនេះក៏បានធ្វើឱ្យកម្ពុជាស្មើមុខស្មើមាត់ ជាមួយ បណ្តា ប្រទេសនានា ក្នុងតំបន់ នៅលើឆាកអន្តរជាតិ តាមរយៈការទទួលបានពានរង្វាន់​លំដាប់​ថ្នាក់ពិភពលោកជាច្រើន ពីស្ថាប័នអន្តរជាតិ ល្បីៗជាបន្តបន្ទាប់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្ដថា វិស័យទេសចរណ៍កម្ពុជាជា“មាសបៃតង” បាននិង​កំពុងបោះជំហានរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ ហើយរដ្ឋាភិ​បាលបានប្តេជ្ញាក្នុងការថែរក្សា ឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីបន្តអភិវឌ្ឍន៍ ប្រទេស​ឱ្យរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រែក្លាយកម្ពុជាពីប្រទេសមានចំណូលមធ្យម កម្រិត ទាប ទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាចិត្ត បន្តអនុវត្តន៍វិធានការ គន្លឹះសំខាន់ៗមួយចំនួន ដើម្បីផ្សាភ្ជាប់ឧស្សាហកម្មទេសចរណ៍ ទៅនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ដែលផ្តោតខ្លាំងទៅលើឌីជីថលរូបនីយកម្ម ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និង កាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន បច្ចេកវិទ្យាទំនើប សម្រាប់វិស័យ ទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប ឬអាចហៅបានថា ការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត៕

ដោយ ខឹម សុវណ្ណារ៉ា