ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស៊ីម កា ទទួលបានសំឡេងគាំទ្រជាអនុប្រធានទី១​ថ្មីព្រឹទ្ធសភា នីតិកាលទី៤

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ​ឆ្នាំ២០១៨ — ឯកឧត្តម ស៊ីម កា ទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូលក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា ព្រឹកថ្ងៃទី ១១ ខែតុលានេះ នៅក្នុងការ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភាថ្មី ជំនួសឯកឧត្តម នៃ ប៉េណា អតីតអនុប្រធាន ទី១ព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។


សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភាចំនួន ៥៨រូប។


យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ របស់អគ្គលេខាធិការព្រឹទ្ធសភាបានឱ្យដឹងថា សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃនេះដែរ ក៏បានប្រកាសទទួលស្គាល់លោកជំទាវ កង សៅរ៍ធន ជាសមាជិកព្រឹទ្ធសភាថ្មី នៅមណ្ឌលភូមិភាគទី៥ ហើយសមាជិករូបនេះ ត្រូវចូលធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង៕

ដោយ ប៉ាល់ សុង